ភ្នំពេញ ៖ នគរបាលស្រុកកៀនស្វាយ បានបើកកិច្ចសហការបង្ក្រាបករណីអំពើលួចកាច់កម៉ូតូដោយឃាត់ខ្លួនបុរសម្នាក់ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង៩៖៣០នាទី នៅចំណុចផ្សារដីថ្មី ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ឆាន ឃ្លុល ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិទ្រា ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង ។ ជនសង្ស័យឈ្មោះ វង សុភី អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកផ្អាវ ឃុំព្រែកក្រញ៉ាញ់ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ដោយសម្ភារៈបាត់បង់ មានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1J-7834ស្វាយរៀង ។ ហើយក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចនគរបាល បានធ្វើការដកហូតវត្ថុតាងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1J-7834 ស្វាយរៀង ដែលជនសង្ស័យដោះចេញ ។
បើតាមមន្ត្រីនគរបាល បានបញ្ជាក់ថា ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាក Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ១J ៧៨៣៤ ស្វាយរៀង មកឈប់នៅកន្លែងធ្វើការ នៅផ្សារដីថ្មី ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយចតម៉ូតូនៅចំហៀងមុខផ្ទះ ពេលចេញមកវិញស្រាប់តែបាត់ម៉ូតូពីកន្លែងដែលចតទុក ពេលនោះជនរងគ្រោះជាម្ចាស់ម៉ូតូបានរត់ទៅប្រាប់ថៅកែកន្លែងធ្វើការ បានបើកកាមេរ៉ាមើលឃើញមានចោរកាច់កម៉ូតូ ដោយម៉ូតូមួយគ្រឿងនេះមានភ្ជាប់ប្រព័ន្ធ GPS នៅនឹងម៉ូតូ។ ពេលនោះម្ចាស់ម៉ូតូបានស្វែងរកម៉ូតូតាមរយៈប្រព័ន្ធGPSក៏ជួបនៅមុខសាលាស្រុកកៀនស្វាយកន្លែងទទួលផ្ញើម៉ូតូ ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយម៉ូតូនោះត្រូវបានជនសង្ស័យដែលលួចយកមកផ្ញើនោះដោះស្លាកលេខចេញ តែម្ចាស់ម៉ូតូស្គាល់ច្បាស់ថាម៉ូតូខាងលើជាម៉ូតូរបស់គាត់ បន្ទាប់មកជនរងគ្រោះបានមករាយការណ៍ដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ ឲ្យជួយអន្តរាគមន៍ ។បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងនគរបាលប៉ុស្តិ៍គគីរបានចុះទៅដល់កន្លែងផ្ញើម៉ូតូនៅមុខសាលាស្រុកកៀនស្វាយ ពេលនោះជនរងគ្រោះក៏បានយកប័ណ្ណសំគាល់ម៉ូតូមកផ្ទៀងផ្ទាត់ លេខតួ លេខម៉ាស៊ីន ពិតជាម៉ូតូរបស់គាត់ប្រាកដមែន ។ រួចកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរក៏បានយកម៉ូតូនោះមកប៉ុស្តិ៍ ដើម្បីសួរនាំរឿងហេតុពីម្ចាស់ម៉ូតូ បានប្រហែល១៥នាទី ស្រាប់តែឈ្មោះ វង សុភី ភេទប្រុស អាយុ៣៧ឆ្នាំ(ខ្មែរ) មានទីលំនៅភូមិព្រែកផ្អាវ ឃុំព្រែកក្រញ៉ាញ់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានមកយកម៉ូតូខាងលើពីកន្លែងផ្ញើ ពេលនោះអ្នកទទួលផ្ញើម៉ូតូបានរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចដែលប្រចាំការនៅមុខផ្សារគគីរ ថាអ្នកយកម៉ូតូមកផ្ញើនោះមករកម៉ូតូនៅកន្លែងគាត់ ។
ពេលនោះសមត្ថកិច្ចដែលប្រចាំការនៅមុខផ្សារគគីរបានទៅដល់កន្លែងផ្ញើម៉ូតូ ពេលឃើញកម្លាំងសមត្ថកិច្ចទៅដល់ស្រាប់តែជនសង្ស័យខាងលើបានរត់គេចខ្លួនចូលផ្សារ ពេលនោះសមត្ថកិច្ចយើងបានដេញតាមចាប់រួចក៏មានប្រជាពលរដ្ឋលក់ដូរក្នុងផ្សារគគីរជួយចាប់នឹងមានការវាយតប់ទៅលើជនសង្ស័យបណ្ដាលឲ្យមានរបួសស្នាមជាំភ្នែកខាងឆ្វេង និងប៉ោងមុខបន្ទាប់មកកងកម្លាំងនគរបាលប៉ុស្តិ៍គគីរបាននាំជនសង្ស័យខាងលើមកប៉ុស្តិ៍ដើម្បីសួរនាំ ។
ដោយមានការសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ជនសង្ស័យរួមនឹងវត្ថុតាង បានប្រគល់ឲ្យទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបន្តចាត់ការតាមនីតិវិធី៕ ដោយ ៖ បញ្ញាស័ក្តិ