ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នាង ផាត បានបដិសេធ ចំពោះពាក្យចចាមអារាមដែលថា ក្រសួងការពារជាតិ មានគម្រោងទម្លាក់សក្តិ ដែលព័ត៌មាននេះ មិនមែនជាការពិតទេ សុំឱ្យនាយទាហានទាំងអស់ កុំមានការភ្ញាក់ផ្អើល តាមការបកស្រាយខុសគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថានៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩នេះ ក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំមួយ ដើម្បីបូកសរុបលទ្ធផល ការងារប្រចាំខែមេសា និងលើកទិសដៅការងារបន្ត សម្រាប់ខែឧសភា ឆ្នាំ២០១៩។ កិច្ចប្រជុំនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ កិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែ របស់ក្រសួងការពារជាតិនេះ មានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំ អគ្គបញ្ជាការដ្ឋាន នៃកងយោពលខេមរភូមិន្ទផងដែរ។
នៅក្នុងកិច្ចប្រជុំនេះលោក នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ និង បដិសេធ ចំពោះពាក្យចចាមអារាមដែលថា ក្រសួងការពារជាតិមានគម្រោងទម្លាក់សក្តិ ដែលព័ត៌មាននេះមិនមែនជាការពិតទេ សុំឱ្យនាយទាហានទាំងអស់កុំមានការភ្ញាក់ផ្អើល តាមការបកស្រាយខុសគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងផែនការកែទម្រង់កងយោពលខេមភូមិន្ទ រយៈពេល៥ឆ្នាំ ២០១៥-២០១៩។ ការកែទម្រង់ឋានន្តសក្តិ ក្នុងកងយោធពលខេមភូមិន្ទ មានផែនការណ៍យុទ្ធសាស្ត្រយូរអង្វែង ជាជំហានៗ ដើម្បីកសាងកងទ័ពមួយមានគុណភាព និង ប្រសិទ្ធភាពដឹកនាំ បញ្ជាឱ្យសមស្រប តាមការវិវឌ្ឍន៍ នៃសភាពការណ៍ជាតិ និងអន្តជាតិ។ មិនមែនកាត់ ឬទម្លាក់សក្តិ ដូចការបកស្រាយភាន់ច្រឡំនោះទេ ៕ ដោយ ៖ កូឡាប