ភ្នំពេញ ៖ អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានស្នើ ដល់អាជ្ញាធររាជធានីភ្នំពេញ ដើម្បីឲ្យប្រជាពលរដ្ឋ បញ្ចេញមតិ ឲ្យមានតុល្យភាព។ ជាការឆ្លើយតប ជុំវិញការលើកឡើងនេះ លោកលោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ចំពោះបញ្ហានេះ ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យប្រជាពលរដ្ឋ មានសិទ្ធិបញ្ចេញមតិ គ្រប់បែបយ៉ាង ដោយយើងបានបង្កើត ឲ្យមានទីលានប្រជាធិបតេយ្យមួយ ដើម្បីឲ្យពួកគាត់ធ្វើការតវ៉ា បានបញ្ចេញមតិ ។
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចង់ដឹងពីការងារ មួយចំនួនពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា ហើយលោកស្រីក៏បានសម្តែងការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្កើតអោយមានច្រក ចេញ ចូលតែមួយនៅតាមខណ្ឌនិងរាជធានី ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ ។ លោកពិភាក្សានេះ បានធ្វើដល់ហើយកាលពីព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៩ នេះ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រីបានដាក់ចេញជាសំណួរមួយចំនួន មកអាជ្ញាធររាជធានី ក្នុងនោះលោកស្រីបានចោទសួរ លើបញ្ហានៃការអនុវត្តតួនាទីភារកិច្ច រដ្ឋបាលរាជធានីភ្នំពេញ ដែលក្រសួងមហាផ្ទៃដាក់ឱ្យអនុវត្ត ។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេង បានស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចជាលើកទី៧ របស់លោកស្រី មកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី ៩ខែឧសភា។ លោកឃួង ស្រេង បានថ្លែងការអរគុណ ចំពោះអង្គការសហប្រជាជាតិ ដែលបានចូលរួមចំណែក យ៉ាងសកម្ម ជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា និយាយដោយឡែក រាជធានីភ្នំពេញ មានភាពជាដៃគូ ដែលមានសារសំខាន់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ លោកជឿជាក់ថា នឹងនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ ក្នុងការរួមចំណែកកែលម្អជីវភាព កាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពរដ្ឋ ស្របតាមគោលការណ៍សហស្សវត្សរ៍និងកម្មវិធី នយោបាយ យុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋារបស់ពិបាករបស់យើងខ្ញុំ។
ក្រៅពីនេះលោកឃួង ស្រេង បានលើកឡើង ពីការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ចំពោះការរីកចម្រើនរបស់ រាជធានីភ្នំពេញ និងការកើនឡើងប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ។ ទន្ទឹមនឹងនេះ ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នៅបានបង្កើតឲ្យមានច្រកចេញចូលតែមួយ នៅតាមខណ្ឌទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងនូវបានបង្កើតឲ្យមាន ច្រកចេញចូលតែមួយ នៅថ្នាក់រាជធានីថែមទៀត។
លោកស្រី លោកស្រី រ៉ូណា ស្មីត ក្នុងឱកាសនោះដែរ ក៏បានថ្លែងការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្កើតឲ្យមានច្រកចេញចូលតែមួយ នៅគ្រប់ខណ្ឌក្នុងរាជធានីភ្នំពេញ និងបង្កើតឲ្យមានច្រកចេញចូលតែមួយ នៅថ្នាក់រាជធានីភ្នំពេញថែមទៀត។ នេះគឺជាការអនុវត្តការនៃការផ្ដល់សេវា ជូនប្រជាពលរដ្ឋមួយ ដ៏ល្អសម្រាប់រាជធានីភ្នំពេញ។ បន្ថែមពីលើនេះទៀត លោកស្រី ក៏បានស្នើឲ្យមានការបញ្ចេញមតិ ឲ្យមានតុល្យភាពគ្នា។
ជុំវិញការលើកឡើងនេះ លោក ឃួង ស្រេង បានមានប្រសាសន៍ថា ចំពោះការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ គឺរដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យប្រជាពលរដ្ឋ មានសិទ្ធិបញ្ចេញមតិ គ្រប់បែបយ៉ាង ដោយយើងបានបង្កើត ឲ្យមានទីលានប្រជាធិបតេយ្យមួយ ដើម្បីឲ្យពួកគាត់ធ្វើការតវ៉ា បានបញ្ចេញមតិ ។ លោកបន្តទៀតថា តាមការណែនាំរបស់ក្រសួងមហាផ្ទៃ គឺបានណែនាំឲ្យរាជធានី ខេត្តទូទាំងប្រទេសទាំងអស់ បង្កើតឲ្យមានទីលានប្រជាធិបតេយ្យមួយ នៅតាមបណ្ដារាជធានី ខេត្តរបស់ខ្លួន ដើម្បីអោយប្រជាពលរដ្ឋនៅ តាមមូលដ្ឋានរបស់ខ្លួន បានធ្វើការតវ៉ា និងបានបញ្ចេញមតិ ៕ ដោយ ៖ កូឡាប