ព្រះសីហនុ ៖ អគ្គនាយកបច្ចេកទេសសុខាភិបាល បានធ្វើការផ្តាំផ្ញើឲ្យអ្នកពាក់ព័ន្ធបន្ត ជំរុញការបង្កើតគណៈកម្មការសម្របសម្រួលការព្យាបាល អ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍នៅតាមឃុំ សង្កាត់ឲ្យបានឆាប់ដើម្បីជំរុញឲ្យអ្នកញៀនគ្រឿងញៀន ទៅទទួលយកសេវាព្យាបាលសហគមន៍នៅតាមមន្ទីរពេទ្យ បង្អែក និងមណ្ឌលសុខភាពនានា ។
ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំបូកសរុប លទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឆ្នាំ២០១៧ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ក្នុងឱកាសនោះដែរ លោកស្រី ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធាន ក្រុមទទួលបន្ទុកការងារដឹកនាំ និងត្រួតពិនិត្យព្យាបាល អ្នក ញៀនគ្រឿងញៀននៅខេត្តព្រះសីហនុ បានថ្លែងនូវការកោតសសើរនិងអរគុណដល់ថ្នាក់ដឹកនាំ មន្ត្រី ទទួលបន្ទក មន្ត្រីអនុវត្តកម្មវិធី មន្ត្រីពាក់ព័ន្ធ និងអង្គការដៃគូ ដែលបានខិតខំតស៊ូបំពេញការងាររបស់ខ្លួនទទួលបានលទ្ធផលល្អ។
ជាមួយគ្នាលោកស្រី ឱ វណ្ណឌីន ក៏បានជំរុញឲ្យមន្ត្រី ពាក់ព័ន្ធបង្កើនការងារផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយដើម្បីឲ្យជនរងគ្រោះ ក៏ដូចជាគ្រួសាររបស់ពួកគេបានដឹងហើយ សហការចូលរួមទៅទទួលយកសេវាព្យាបាល។
លោកវេជ្ជបណ្ឌិត ស្រេង ហាក់ស្រួល ប្រធានកម្មវិធីសុខភាព ផ្លូវចិត្តនិងបំពានគ្រឿងញៀនខេត្តបានឲ្យដឹងថា បច្ចុប្បន្នកម្ម វិធីព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកសហគមន៍នៅ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពចំនួន១១កន្លែងទទួល ព្យាបាលអ្នកញៀនគ្រឿងញៀនប្រភេទទឹកកកបានចំនួន១៦នាក់ប្រុសទាំងអស់ និងទទួលព្យាបាលអ្នកជំងឺផ្លូវចិត្តបាន ចំនួន៨០នាក់ និងបានធ្វើការផ្សព្វផ្សាយឱ្យទៅទទួលយក សេវាព្យាបាលបានជាច្រើនដង៕ ដោយ ៖ បញ្ញាស័ក្តិ