កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្នុងឆ្នាំ២០១៧ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីពីជនបរទេស នៅខេត្តកំពង់ស្ពឺបានចំនួន៨៥ករណី ក្នុងនោះមានសៀវភៅស្នាក់នៅ៣៦ក្បាល សៀវភៅគ្រួសារ៤ក្បាល សំបុត្រកំណើតខ្មែរ ១៩ច្បាប់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន២៥ប័ណ្ណ លិខិតឆ្លងដែន ចំនួន១ក្បាល ពីជនបរទេស ដែលកាន់កាប់ដោយខុសច្បាប់។
ក្នុងកិច្ចប្រជុំស្តីពីការអនុវត្តអនុក្រឹត្យលេខ១២៩អនក្រ.បក ស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រកតីដែលជនបរទេសកំពុងកាន់កាប់-ប្រើប្រាស់ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ដល់អធិការក្រុង-ស្រុក ត្រូវត្រួតពិនិត្យបន្ថែមទៀត ទីកន្លែងមួយចំនួន ដែលមានជនបរទេសកំពុងស្នាក់នៅ និងត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ហើយត្រូវដកហូតឯកសារមិនប្រក្រតីមួយចំនួន ដែលជនបរទេសកំពុងលួចលាក់ប្រើប្រាស់។
ជាមួយគ្នានោះ លោក ព្រុំ វណ្ណៈ អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា ការអនុវត្តអនុក្រឹតលេខ១២៩ អនក្រ.បក គឺមិនសំដៅតែជនមួយ ឬសញ្ជាតិណាមួយនោះទេ គឺជាការរឹតបណ្តឹងទូទៅរបស់សមត្ថកិច្ចកម្ពុជា ហើយអាជ្ញាធរភូមិ-ឃុំ មន្ត្រីនគរបាលប៉ុស្តិ៍ ត្រូវចូលរួមចំណែកឲ្យសកម្ម និងរាយការណ៍ឲ្យប្រាកដប្រជាចំពោះជនបរទេសស្នាក់នៅមិនប្រក្រតីតាមមូលដ្ឋាន។
អគ្គនាយរង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង បានសង្កត់ធ្ងន់ថា ជនបរទេសមិនមែនសុទ្ធតែមនុស្សអាក្រក់ទាំងអស់នោះទេ ហើយជនបរទេសក៏មិនមែនសុទ្ធ តែមនុស្សល្អទាំងអស់នោះដែរ ដូច្នេះការរឹតបន្តឹង គឺធានាបានសន្តិសុខជាតិ និងរឹតបន្តឹងច្បាប់កម្ពុជាឲ្យពិភពលោកបានដឹង ពីអធិបតេយ្យភាពម្ពុជា ដែលជាប្រទេសនីតិរដ្ឋប្រកាន់ច្បាប់ជាគោលណ៍៕ ដោយ ៖ បញ្ញាស័ក្តិ