ប្រទេសហ្ស៊ីមបាវ៉េ រកចំណូលបានចំនួន ២,៧លានដុល្លារពីការលក់ដំរីជិត ១០០ក្បាល ទៅអោយប្រទេសចិន និងទីក្រុងឌូបៃ (ប្រទេសអារ៉ាប់រួម) ក្នុងរយៈពេល ៦ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យភ្នាក់ងារអភិរក្សសត្វព្រៃរបស់ប្រទេសនេះ។
ដំរីចំនួន ៩៨ ក្បាល ត្រូវបានគេលក់ទៅអោយចិន និងឌូបៃក្នុងចន្លោះឆ្នាំ ២០១២ និង ២០១៨ ហើយដំរីមួយក្បាលមានតម្លៃពី ១៣.៥០០ ទៅ ៤១.៥០០ ដុល្លារ ។
អ្នកនាំពាក្យឈ្មោះ Tinashe Farawo បានបញ្ជាក់ថាលុយដែលរកបានពីការលក់ដំរីនឹងត្រូវប្រើប្រាស់ ដើម្បីទ្រទ្រង់ដល់កិច្ចការអភិរក្សនៅក្នុងប្រទេស។
លោកបញ្ជាក់ថា ភ្នាក់ងារអភិរក្សាមានការលំបាកខ្លាំងនៅក្នុងការគ្រប់គ្រងចំនួនដំរីដែលកើនឡើងយ៉ាងខ្លាំងនៅក្នុងឧទ្យានជាតិ ហើយលុយដែលបានមកពីការលក់នឹងត្រូវចាត់ចែងលើការថែរក្សាដំរីដែលនៅសល់។
បច្ចុប្បន្នប្រទេសហ្ស៊ីមបាវ៉េមានដំរីសរុបចំនួន ៨៥.០០០ក្បាល ហើយប្រទេសនេះចង់រក្សាទុកដំរីត្រឹមចំនួន ៥៥.០០០ក្បាលប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីទេសចរណ៍ Prisca Mupfumira ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN