ប្រទេសភីលីពីនបានកោះហៅឯកអគ្គរដ្ឋទូត និងកុងស៊ុលរបស់ខ្លួនត្រឡប់មកប្រទេសវិញ ក្រោយពេលប្រទេសកាណាដាខកពេលវេលាក្នុងការដឹកជញ្ជូនសំរាមរាប់តោនត្រឡប់ទៅកាណាដាវិញ។ សំរាមចំនួន ១៦កុងតឺន័រ ត្រូវបានដឹកច្រឡំយកមកកាន់ប្រទេសភីលីពីនកាលពីប៉ុន្មានឆ្នាំមុន។
រដ្ឋលេខាធិការក្រសួងការបរទេសភីលីពីន ឈ្មោះ Teodoro L Locsin Jr បានថ្លែងថា “ពេលកណ្តាលយប់ កាលពីយប់មិញ យើងបានផ្ញើសំបុត្រដើម្បីកោះហៅឯកអគ្គរដ្ឋទូត និងកុងស៊ុលរបស់យើងប្រចាំនៅកាណាដា ត្រឡប់មកវិញ។ ពួកគេនឹងមកដល់ក្នុងរយៈពេលមួយថ្ងៃ”។
“ប្រទេសកាណាដាបានខកពេលវេលានៅថ្ងៃទី ១៥ ខែឧសភា ។ ពួកយើងនឹងរក្សាវត្តមានការទូតរបស់យើងវិញក្នុងប្រទេសកាណាដា ទាល់តែសំរាមរបស់កាណាដាត្រូវបានដឹកត្រឡប់យកទៅវិញ”។
ទីក្រុងម៉ានីលឡាបានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសកាណាដាបានព្រមព្រៀងដឹកជញ្ជូនសំរាមចំនួន ១៦កុងតឺណឺត្រឡប់ទៅប្រទេសខ្លួនវិញ។ សំរាមនោះត្រូវបានគេដឹកជញ្ជូនខុសមកកាន់ប្រទេសភីលីពីន។
ប្រធានាធិបតីភីលីពីន Rodrigo Duterte បានជេរស្តីកាណាដាកាលពីខែមុន ជុំវិញរឿងសំរាមនោះ ដែលត្រូវបានដឹកជញ្ជូនពីឆ្នាំ ២០១៣ និង ២០១៤ ដែលទីក្រុងអូតាវារបស់កាណាដា ហៅថាជាការព្រមព្រៀងពាណិជ្ជកម្ម ។
ក្នុងកុងតឺណឺ បានសាកស្លាកសញ្ញាថា ជាផ្លាស្ទិចដែលត្រូវប្រើប្រាស់ឡើងវិញក្នុងទីក្រុងម៉ានីលឡា ប៉ុន្តែការពិតវាជាសំរាមមានដូចជា ខោទឹកនោមក្មេង កាសែត និងដប់ទឹកសុទ្ធជាដើម។ តុលាការក្នុងប្រទេសភីលីពីន បានសម្រេចកាលពីឆ្នាំ ២០១៦ថា សំរាមទាំងនោះត្រូវបញ្ជូនត្រឡប់ទៅកាណាដាវិញ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia