កំពង់ឆ្នាំង ៖ សាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០១៩ បានសម្រេចឃុំខ្លួនអតីតមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងការចុះព្យាបាល និងចាក់ថ្នាំប្រជាពលរដ្ឋគ្មានការអនុញ្ញាតពីមន្ដ្រីជំនាញត្រឹមត្រូវ បន្ទាប់ពីនាពេលកន្លងមកលោក បានចាក់ថ្នាំបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់។
ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា បានឲ្យដឹងថា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួន មន្ត្រីអតីតគណបក្សសង្គ្រោះជាតិ លោក ប៉ុល ទិត្យធានី ដោយចោទប្រកាន់ពីបទ ប្រកបវិជ្ជាជីវៈសុខាភិបាល ដែលពុំមែនជាអ្នកវិទ្យាសាស្ត្រសុខាភិបាល។
ការ ចាប់ខ្លួន លោក ប៉ុល ទិត្យធានី ជាគ្រូបង្រៀន គឺមិនមែនជារឿងនយោបាយនោះទេ ។ ការ ចាប់ខ្លួនលោក ប៉ុល ទិត្យធានី គឺកាលពីពេលកន្លងទៅធ្លាប់ចាក់ថ្នាំឱ្យពលរដ្ឋម្នាក់ជួបគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់ ប៉ុន្តែក្រោយមកត្រូវបានតុលាការដោះលែងវិញ ។ យោងតាមដីការបស់អយ្យការសាលាដំបូងខេត្ត តាមបណ្ដឹងរបស់មន្ទីរ សុខាភិបាលខេត្តសកម្មជនគ្រូបង្រៀនរូបនេះ គឺបានដើរចាក់ថ្នាំឱ្យ ប្រជាពលរដ្ឋខុសនឹងច្បាប់ផងដែរ ។
គួររំលឹកថា លោក ប៉ុល ទិត្យធានី ជាអតីតប្រធានគណនេយ្យហិរញ្ញិករបស់គណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង មានទីលំនៅឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវចាប់ខ្លួន ក្នុងរឿងបុគ្គលតែប៉ុណ្ណោះ មិនមែនជារឿងនយោបាយនោះទេ។
ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ខូវ លី បានថ្លែងឲ្យដឹងថា សមត្ថកិច្ចរបស់លោក ពិតជាបានឃាត់ខ្លួនលោក ប៉ុល ទិត្យធានី ជាអតីតមន្ដ្រីជាន់ខ្ពស់ម្នាក់ របស់អតីតគណបក្សសង្គ្រោះជាតិ តាមដីការបស់ព្រះរាជអាជ្ញាពាក់ព័ន្ធការចាក់ថ្នាំខុសច្បាប់។
អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ក៏បានបញ្ជាក់ផងដែរថា សមត្ថកិច្ចនគរបាលពិតជាបានឃាត់ខ្លួន លោក ប៉ុល ទិត្យធានី តាមដីការបស់ព្រះរាជអាជ្ញា ដែលបុគ្គលរូបនេះបានដើរព្យាបាល និងចាក់ថ្នាំជូនប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ដោយគ្មានវិជ្ជាជីវៈ និងពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីមន្ទីរសុខាភិបាលនោះឡើយ។ ការឃាត់ខ្លួននេះ ដោយយោងតាមពាក្យបណ្ដឹងរបស់មន្ទីរសុខាភិបាល ដែលប្ដឹងចូលទៅកាន់ព្រះរាជអាជ្ញា ហើយកន្លងទៅមន្ទីរសុខាភិបាល ក៏បានហៅបុគ្គលនេះ ទៅធ្វើកិច្ចសន្យាឲ្យបញ្ឈប់ទៀតផង ដោយត្រូវសុំច្បាប់ត្រឹមត្រូវ តែរូបគេមិនធ្វើតាម។
សូមបញ្ជាក់ថា បើតាមព័ត៌មាននានា លោក ប៉ុល ទិត្យធានី ក្រៅពីគ្រូពេទ្យដើរចាក់ថ្នាំ គាត់គឺជាគ្រូបង្រៀនម្នាក់ផងដែរ និងជាសកម្មជនដ៏សកម្មម្នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ប្រចាំនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង៕ ដោយ៖កូឡាប