សៀមរាប ៖ ការក្រាលបេតុងជ្រាបទឹក នៅផ្លូវប្រសព្វតំបន់ផ្សាររាត្រី Pub Street មមានប្រសិទ្ធភាព ក្នុងការស្រូបយកទឹកពេលមានភ្លៀងធ្លាក់ខ្លាំងៗ ។
កម្រាលបេតុងជ្រាបទឹកនៅតាមបណ្តោយផ្លូវ២ធ្នូនេះ បានទទួលរងទឹកភ្លៀងខ្លាំងៗជាច្រើនដងអាចស្រូបទឹកបានលឿន និងមិនមានការដក់ទឹកនៅលើផ្លូវនេះទៀតឡើយ ហើយបានធ្វើឱ្យតាមបណ្តោយផ្លូវដែលសាកល្បងអំពីបច្ចេកវិទ្យាថ្មីនេះ មានភាពស្អាត និងងាយស្រួលដល់ការធ្វើដំណើរមកកម្សាន្តដល់ភ្ញៀវទេសចរ។ នេះបើតាមការផ្សាយរបស់មន្ទីរព័ត៌មានខេត្តសៀមរាបនៅថ្ងៃទី ២៥ ខែឧសភានេះ ដែលបានរាយការណ៍ជូនលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
លោក គឹម ប៊ុនណ្ណា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ នេះថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ ក្រុមហ៊ុនOmura Ceratec Co.,Ltd របស់ជប៉ុន បានចាប់ផ្តើមអនុវត្តគម្រោងសាកល្បងអំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាល និងចិញ្ចើមផ្លូវដោយបេតុងជ្រាបទឹក តាមបណ្តោយផ្លូវ២ធ្នូ ប្រវែង៩៣ម៉ែត្រ ចាប់ពីចំណុចផ្លូវប្រសព្វផ្សាររាត្រី ដល់មុខក្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាបច្ចេកវិទ្យា និងស្តង់ដារជប៉ុន ។ រហូតមកដល់ថ្ងៃទី១២ ខែមេសានេះ ការក្រាលបេតុងជ្រាបទឹក ត្រូវបានបញ្ចាប់ និងបានដាក់ឱ្យប្រើប្រាស់សាកល្បង ដែលរហូតមកដល់ថ្ងៃទី២៤ ខែឧសភានេះ កម្រាលបេតុងជ្រាបទឹកនៅតាមបណ្តោយផ្លូវ២ធ្នូនេះ បានទទួលរងទឹកភ្លៀងខ្លាំងៗជាច្រើនដងឃើញថា វាអាចស្របទឹកបានលឿន និងមិនមានការដក់ទឹកនៅលើផ្លូវនេះទៀតឡើយ ហើយបានធ្វើឱ្យតាមបណ្តោយផ្លូវដែលសាកល្បងអំពីបច្ចេកវិជ្ជា ថ្មីនេះ មានភាពស្អាត និងងាយស្រួលដល់ការធ្វើដំណើរមកកម្សាន្តដល់ភ្ញៀវទេសចរ។
លោក គឹម ប៉ុនណ្ណា បានបញ្ជាក់ថា ដោយសារតែឃើញពីប្រសិទ្ធភាពនៃគម្រោងសាកល្បងអំពីបច្ចេកវិទ្យាថ្មីសាងសង់កម្រាលបេតុងជ្រាបទឹកនៅតាមបណ្តោយផ្លូវ២ធ្នូនេះ លោកមានគម្រោងស្នើទៅអភិបាលខេត្តសៀមរាប ឱ្យបន្តគម្រោងក្រាលបេតុងជ្រាបទឹកនេះបន្ថែមទៀតនៅតំបន់ផ្សាររាត្រីនេះឱ្យបានទាំងអស់ ព្រោះវាមានអាចស្រូបទឹកបានលឿន និងមានពណ៌បៃតង ផ្កាឈូក ឆ្លាស់គ្នាស្អាត ប៉ុន្តែលោកមិនទាន់ហ៊ានបញ្ជាក់ថា ការស្នើសុំនេះបានជោគជ័យឬយ៉ាងណានោះទេព្រោះត្រូវការចំណាយថវិកាច្រើន ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងនេះ លោក ទៀ សីហា អភិបាលខេត្ត ធ្លាប់បានមានប្រសាសន៍ថា អាជ្ញាធរខេត្តមានការគាំទ្រ និងចាត់ទុកគម្រោងនេះថា ពិតជាមានសារសំខាន់សម្រាប់តំបន់ក្នុងក្រុងដែលអ្នកទេសចរឆ្លងកាត់ទៅមកច្រើន និងដើម្បីរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយលោក ក៏បានជំរុញដល់មន្ត្រីជំនាញ ត្រូវបន្តសិក្សា និងពិនិត្យមើលទីតាំងបែងចែកគន្លងផ្លូវសម្រាប់ថ្មើរជើង គន្លងផ្លូវសម្រាប់ជនពិការទីតាំងសម្រាប់ចតយានយន្តឱ្យបានកាន់តែល្អបន្ថែមទៀត៕ ដោយ៖កូឡាប