ខេត្តព្រះសីហនុ ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ មានបាតុភូតរន្ទះបាញ់មួយករណី បណ្តាលឲ្យភ្ញៀវទេសចរបរទេសស្បែកសម្នាក់ ក្នុងចំណោមបីនាក់ បានវង្វេងបាត់បង់ស្មារតី ហើយភ័យស្លន់ស្លោរ និយាយលែងដឹងខុសត្រូវ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
ប្រជាពលរដ្ឋបន្តថា ក្នុងចំណោមជនបរទេសស្បែកស ទាំងបីនាក់នោះ គឺមានម្នាក់ កំពុងអង្គុយ មានចម្ងាយឃ្លាតពីដើមឈើ ដែលត្រូវរន្ទះបាញ់នោះប្រមាណ ៣ម៉ែត្រតែប៉ុណ្ណោះ ប៉ុន្តែជាសំណាងល្អមិនបាត់បង់ជីវិត។
ប្រភពព័ត៌មានដដែលបន្តថា មុនពេលកើតហេតុរន្ទះបាញ់ដាច់ដើមឈើមួយកំណាត់ខាងលើនេះ គឺស្ថានភាពផ្ទៃមេឃ នៅលើកោះរ៉ុង មានភ្លៀងផ្គររលឹមធ្លាក់មកជាប់មិនដាច់។
ប្រជាពលរដ្ឋ អះអាងទៀតថា ក្នុងអំឡុងពេលមានបាតុភូតរន្ទះបាញ់ គឺទំនងជាមានជនបរទេសម្នាក់ ក្នុងចំណោមបីនាក់ បានលេង ឬប្រើប្រាស់ទូរស័ព្ទ ពេលកំពុងមានភ្លៀងធ្លាក់ នៅក្រោមដំបូលផ្ទះ ឬស្តង់ សម្រាប់ជួលស្នាក់នៅ មានទីតាំងនៅជិតដើមឈើធំមួយដើម នៅលើកោះរ៉ុង។
បច្ចុប្បន្ននេះ ជនបរទេសទាំងបីនាក់ បានជិះទូក វិលត្រឡប់ពីដំណើរកម្សាន្តតាមកោះ វិលមកលើដីគោក នាទីប្រជុំជនក្រុងព្រះសីហនុវិញហើយ ប៉ុន្តែសតិអារម្មណ៍ជនបរទេសម្នាក់ ក្នុងចំណោម៣នាក់ គឺមានការភ្លេចភ្លាំង និងវង្វេងបាត់បង់សតិស្ទើរទាំងស្រុង ដោយនិយាយអត់ដឹងខុសដឹងត្រូវនោះទេ។
ទាក់ទិនបញ្ហានេះ មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានរំលឹកអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំប្រើប្រាស់ទូរស័ព្ទដៃ ឲ្យសោះ នៅពេលមេឃកំពុងមានផ្លេកបន្ទោរ មានភ្លៀង និងផ្គរលាន់ជាដើម ព្រោះបារម្ភខ្លាចកើតមានបាតុភូតរន្ទះបាញ់កើតឡើងជាយថាហេតុណាមួយ។ ជាងនេះទៀត ប្រជាពលរដ្ឋ ក៏មិនត្រូវនាំគ្នាទៅជ្រកក្រោមដើមឈើធំៗ នៅពេលមានភ្លៀងធ្លាក់នោះដែរ៕ ដែន សីមា