Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ប៉ូលីស​ពាក់​ស័ក្តិ​បី​ច្រឡំ​ដៃ​យក ipad មាន​អ្នក​ស្នើ​សុំ​ឲ្យ​ដាក់វិន័យ​តឹងរ៉ឹង​បំផុត​

​ភ្នំពេញ​ ៖ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​បាន​លើកឡើង​ថា​​អ្នក​ឃ្លាំមើល​ការអនុវត្ត​ច្បាប់ លោក​សូម​​ស្នើ​ដល់​លោក នេ​ត សាវឿន និង​​អ្នកអនុវត្ត​ច្បាប់​ដទៃ​ទៀត សូម​ចាត់​​ការ​បុគ្គល​នេះ​តាម​វិន័យ​ច្បាប់​ឲ្យបាន​​តឹងរឹង​បំផុត ដើម្បី​ធានាបាន​នូវ​ការ​​ពង្រឹង​អំណាចច្បាប់ និង​លើកមុខ​​មាត់​ស្ថាប័ន​កងកម្លាំង​ឡើងវិញ ។ ជាមួយ​ករណី​នេះ​ដែរ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​តាមរយៈ​សំណេរ​របស់លោក​ក្នុងន័យ​បញ្ឆិតបញ្ឆៀង​នោះ​ក៏​បាន​លើកឡើង​ផងដែរ​ថា​បើ​ខ្ញុំ​ច្រឡំ​ពាក់​ចិញ្ជៀនពេជ្រ​ចូលដៃ​ហើយ​ដើរ​ចេញ​ទៅ​បាត់កុំ​ចោទថា​ខ្ញុំ​ចោរ​ឲ្យសោះ​។

​លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់​យោបល់​នៅ​ថ្ងៃ​ទី 31 ខែ​ឧសភា​នេះ​បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ថា ករណី​នេះ​មិន​ត្រូវ​បញ្ចប់​ដោយ​បែប​​នេះ​ទេ ពី​ព្រោះ​ទង្វើរ​នេះ គឺ ជា​ទង្វើ​បន្ថោក​បន្ទាប ដល់​កេរ្តិ៍ឈ្មោះ មន្ត្រី​ប៉ូលីស​ផ្សេងទៀត ហើយ​ក៏​អោយ​​មហាជន​អស់ជំនឿ​លើ​អ្នក​អនុវត្ត​ច្បាប់​ផង​ដែរ ដូច្នេះ​គឺ​ក្នុងនាម​ខ្ញុំ​ជា​​អ្នក​ឃ្លាំមើល​ការអនុវត្ត​ច្បាប់ ខ្ញុំ​សូម​​ស្នើ​ដល់​ឯកឧត្តម នេ​ត សាវឿន និង​​អ្នកអនុវត្ត​ច្បាប់​ដទៃ​ទៀត សូម​ចាត់​​ការ​បុគ្គល​នេះ​តាម​វិន័យ​ច្បាប់​ឲ្យបាន​​តឹង​រ៉ឹង​បំផុត ដើម្បី​ធានាបាន​នូវ​ការ​​ពង្រឹង​អំណាចច្បាប់ និង​លើកមុខ​​មាត់​ស្ថាប័ន​កងកម្លាំង​ឡើងវិញ​”​។​

​ជាមួយ​នឹង​ករណី​នេះ​ដែរ​លោក​នុត ស​វនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៅ​ថ្ងៃ​ទី 31 ឧសភា ក៏​បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ផងដែរ​ថា “​ជូន​ចំពោះ​បងប្អូន​អ្នកលក់​ពេជ្យ​ទាំងឡាយ បើ​ខ្ញុំ​លួច​ហើយ ច្រឡំ​ដើរចេញ​ទៅ​បាត់​ដោយ​មិន​បាន​បង់ប្រាក់ សូម​កុំ​ចោទ​ខ្ញុំ​ថា​ចោរ ចាំ​ខ្ញុំ​នឹកឃើញ​យក​មក​សង​ពេលណា យើង​រួច​គ្នា​ពេល​នោះ​”​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ ដែល​បន្លំ​លួច iPad មិនមែន​ជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ នេះ​ជា​ការលើកឡើង​របស់​លោក​នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជាតិ​។ លោកនាយ​ឧត្តមសេនីយ៍នេត​សាវឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់​ថា ករណី​មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ ដែល​បន្លំ​លួច iPad នៅ​ហាង​វេរ​លុយ​វី​ង​នោះ មិនមែន​ជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ ហើយ​ភាគី​ទាំង​ពីរ​ទាំង​ខាង​ម្ចាស់​ហាង និង​មន្ត្រីនគរបាល ក៏​បាន​សម្របសម្រួល​បញ្ចប់​។​

​មន្ដ្រីនគរបាល​ពាក់​ស័ក្ដិ​៣ នៅ​នាយកដ្ឋាន​ការពារ​ព្រំដែន​ទឹក ដែល​បន្លំ​លួច iPad មួយគ្រឿង នៅ​ហាង​វី​ង​មួយកន្លែង នៅ​ខណ្ឌ​ទួលគោក ហើយ​ត្រូវបាន​បញ្ជូន​បន្ដ​មក​សួរនាំ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នោះ នៅពេលនេះ​សមត្ថកិច្ច​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា និង​មាន​អ្នកធានា​។​

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​ប្រាប់ ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ​ថា បន្ទាប់​ពី​បញ្ចប់​ការសួរនាំ​នៅ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មន្ដ្រីនគរបាល​ខាងលើ ត្រូវបាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ ក្រោយ​ធ្វើ​កិច្ចសន្យា​អប់រំ និង​អ្នក​ធានា​ត្រឹមត្រូវ​។ ករណីនេះ មិនមែន​ជា​ករណី​លួច​ទេ គឺជា​ករណី​ច្រឡំ ហើយ​ភាគី​ទាំង​ពីរ​ទាំង​ខាង​ម្ចាស់​ហាង និង​មន្ត្រីនគរបាល ក៏​បាន​សម្របសម្រួល​បញ្ចប់​ហើយ​ដែរ​។ ម្ចាស់​ហាង​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​អ្វី​ដែរ​។​

​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​៣ បានធ្វើ​សកម្មភាព​លួច iPad ក្នុង​ហាង​មួយកន្លែង និង​ត្រូវ​ម្ចាស់​ហាង​យក​វីដេអូ​ដែល​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព មក​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហេ្វស​ប៊ុក កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ ធ្វើឲ្យ​មហាជន​មាន​ការចាប់អារម្មណ៍ និង​រិះគន់​ជាខ្លាំង​។​

​បើ​តាម​ការ​បញ្ជាក់បាន​ឱ្យដឹងថា មន្ត្រីនគរបាល​រពឹស​ដៃ​រូបនោះ​មាន​ឈ្មោះ​ហេង ហាប់ អាយុ​២៥​ឆ្នាំ បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ព្រំដែន​ទឹក ក្រសួងមហាផ្ទៃ​។​

​លោក សុខ ហេង អធិការ​នគរបាល​ខណ្ឌ​ទួលគោក បានឲ្យដឹងថា ក្រោយ​មាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាល​របស់​លោក សហការ​ជាមួយ​កម្លាំង​នគរបាល​សន្ដិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​ចុះ​ស្រាវជ្រាវ បុរស​ម្នាក់​ដែល​ពាក់​ឯកសណ្ឋាន​ជា​នគរបាល និង​ពាក់​ស័ក្ដិ​៣ ចូល​ទៅ​លួច iPad មួយគ្រឿង ក្នុង​ហាង​មួយ​កន្លែង​នៅ​ខណ្ឌ​ទួលគោក​។​

​សូមបញ្ជាក់​ថា មន្ត្រីនគរបាល​រូបនេះ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ចូល​ទៅ​ដក​លុយ​នៅ​ហាង​វី​ង រស្មី សាមគ្គី ស្ថិតនៅ​ក្នុង​ខណ្ឌ​ទួលគោក ស្រាប់តែ​បន្លំ​លួច​យក iPad មួយ​គ្រឿង​ទៅ​បាត់ រួច​ក៏​ត្រូវ​ម្ចាស់​ហាង​យកទៅ​បង្ហោះ​ល្បី​ពេញ​បណ្តាញ​សង្គម Facebook និង​មាន​គេ Share រាប់ពាន់នាក់​។​

​ក្រោយពី​បាន​បង្ហោះ​វីដេអូ នៃ​ការលួចបន្លំ iPad ខាងលើនេះ នាំឲ្យ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងៗ ពី​មហាជន​នៅលើ​បណ្តាញ​សង្គម Facebook នោះ​ស្រាប់តែ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ ម្ចាស់ Account leakhenana Jeanana បាន​លុបចោល​វីដេអូ​នេះ​ចេញ​បាត់ ហើយ​បាន​បង្ហោះ​ខ្លឹមសារ​ថ្មី​ថា ជា​ការយល់ច្រឡំ​ទៅវិញ​។​

Account Facebook ដែល​ជា​ម្ចាស់​ហាង​រូបនេះ បាន​បង្ហោះ​យ៉ាង​ដូច្នេះ​ថា មុននេះ​មាន​ករណី​បាត់ iPad ដោយ​បង​ប៉ូលីស​ម្នាក់ បាន​មក​ដក​លុយ​រួច​កាន់​យកទៅ​។ ប្រហែល ២​ម៉ោង​ក្រោយ ខ្ញុំ​បាន​បង្ហោះ Facebook ពេលនេះ គាត់​បាន​ប្រគល់ iPad មក​ឲ្យ​ខ្ញុំ​វិញ​ហើយ ដោយ​គាត់​និយាយថា គាត់​យល់​ច្រឡំ​កាន់​ចេញទៅ​។​

​សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តាម​បណ្តាញ​សង្គម និង​ថ្នាក់ដឹកនាំ​នគរបាល ហាក់​មិន​ជឿ​នោះ​ឡើយ​។ តាមរយៈ​សកម្មភាព​នៅ​ក្នុង​វីដេអូ​ខាងលើនេះ បានបង្ហាញ​ថា ជា​ទង្វើ​លួច​ដោយ​ទុច្ចរិត​យ៉ាង​ពិតប្រាកដ ដែល​ត្រូវ​ទទួលទោស​តាមច្បាប់ និង​ប៉ះពាល់​ដល់​កិត្តិយស​នគរបាលជាតិ​៕​ ​ដោយ​៖​កូឡាប​

×