បន្ទាយមានជ័យ : ៣នាក់បានបើកបរនិងជិះម៉ូតូឌុបគ្នាយប់ជ្រៅត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់២នាក់ទៀតកាលពីម៉ោង ១១យប់ ថ្ងៃទី ១ខែតលា ឆ្នាំ ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៦ខាងកើតស្ពានទី២ ស្ថិតក្នុងភូមិ-សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះមានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបានបើកពីកើតទៅលិចក្នុងល្បឿលឿនក្នុងសភាពមេឃងងឹតនិងមានភ្លៀងធ្លាក់ផងក៏ទៅបុកម៉ូតូគ្រឿង១គ្រឿងម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ សេរី២០១១ពាក់ស្លាកលេខ បន្ទាយមានជ័យ 1E-1190 ក្នុងទិសស្របគ្នាណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់ទៀត។
ជនរងគ្រោះទាំង៣នាក់:១- ឈ្មោះ សាំង ម៉ុល ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកបើកបរម៉ូតូស្លាប់ ។២- ឈ្មោះ ថ្លែន ចក់ ភេទប្រុស អាយុ២៤ ឆ្នាំ អ្នករួមដំណើរងរបួសធ្ងន់បាក់ដៃខាងស្តាំ។ និង៣-ឈ្មោះ ណាង ណេង ភេទប្រុស អាយុ២៤ឆ្នាំ អ្នករួមដំណើររងរបួសធ្ងន់បាក់ដៃខាងស្តាំ ។ អ្នកទាំង៣នាក់រស់នៅភូមិប៉ោយក្តឿង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ យ៉ាន់ សុវណ្ណ បានបន្តថា បន្ទាប់ពីគ្រោះថ្នាក់នោះ សមត្ថកិច្ចជួយដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ៕ដោយ : បន្ទាយ