តាកែវ៖ លោក ខាន់ សុខា អភិបាលរងខេត្ត តំណាង ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ លោក ណុប នី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ រួមជាមួយ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកំម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានអញ្ជើញបើកយុទ្ឋនាការផ្សព្វផ្សាយស្ដីពី ( ការអនុវត្តរឹតបន្ដឹងការពាក់មួកសុវត្ថិភាព នាឱកាសមុនពេលបុណ្យចូលឆ្នាំសកលឆ្នាំ២០១៨ខាងមុខនេះ ) ដែលបានប្រារព្ឋធ្វើឡើងនៅខាងមុខវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម ស្រុកត្រាំកក់ នាថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៧ ។
ថ្លែងប្រាប់ដល់ក្រុមសារព័ត៌មាន នៅក្នុងពិធីផ្សព្វផ្សាយពីការអនុវត្តរឹតបន្តឹងការពាក់មួកសុវត្ថិភាពលើកទី០២ ដែលរៀបចំធ្វើឡើងនៅមុខសាលាវិទ្យាល័យអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អង្គតាសោម តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានឲ្យដឹងថា ថ្ងៃនេះនៅខេត្តតាកែវក៍ដូចជានៅទូទាំងប្រទេសដែរ គឺបានរៀបចំ យុទ្ធនាការរឹតបន្តឹងការពាក់មួកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរ ហើយគោលបំណងនៃយុទ្ធនាការនេះ គឺចង់ឲ្យបងប្អូនប្រជាពលរដ្ឋដែលពួកគាត់ធ្វើដំណើរតាមផ្លូវ ពាក់មួកសុវត្ថិភាពឲ្យបានគ្រប់ៗគ្នា និងឲ្យពួកគាត់បានយល់ដឹងពីសារៈសំខាន់របស់មួកសុវត្ថិភាព ។
លោកអភិបាលរងខេត្តតាកែវ រូបនេះបន្ថែមទៀតថា នៅក្នុងយុទ្ធនាការនេះដែរ គឺយើងមានការចូលរួមសហការពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ហើយក្នុងនោះដែរ នៅពេលដែលបងប្អូនប្រជាពលរដ្ឋ គាត់មិនបានពាក់មួកសុវត្ថិភាព ក្រុមការងារយើងនឹងតម្រូវឲ្យគាត់ឆ្លើយនឹងសំណួរទាក់ទងនឹងច្បាប់ចចរាណ៍ផ្លូវគោក សារៈប្រយោជន៍នៃមួកសុវត្ថិភាព និងសំណួរពាក់ព័ន្ធនឹងផ្លាកសញ្ញាចរាចរណជាដើម ហើយនៅពេលដែលគាត់ឆ្លើយសំណួរត្រូវ យើងនឹងផ្តល់មួកសុវត្ថិភាពថ្មីជូនគាត់១ ព្រមទាំងសៀវភៅច្បាប់ចរាចរណ៍១ក្បាល និងនិមិត្តសញ្ញាចរាចរណ៍ជាដើម ។
ទទឹមនិងមានការឹតបណ្តឹងនេះដែរលោក ណុប នីប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានអោយដឹងថា យុទ្ធនាការនេះ វាពិតជាបានបំផុសស្មារតីបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ភ្ញាក់រលឹករួមគ្នាគោរពច្បាប់ចរាចរណ៍ និងចូលរួមពាក់មួកសុវត្ថិភាព នៅពេលធ្វើដំណើរ ជាពិសេសបងប្អូនអ្នកបើកបររថយន្តក៍ពាក់ខ្សែក្រវ៉ាត់ផងដែរ ហើយតាមរយៈសកម្មភាពថ្ងៃនេះនៅខេត្តតាកែវ ក៍ដូចជានៅទូទាំងប្រទេស សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋពិតជា ចូលរួមគោរពច្បាប់ និងពាក់មួកសុវត្ថិភាពជានិច្ចរាល់ពេលបើកបរជារៀងរហូត មិនត្រឹមតែមួយថ្ងៃនេះទេ គឺរហូត ។
ជាមួយគ្នានេះដែរ លោក ប៉ុក ពលរិទ្ធ ស្នងការរងទទួលផែនចរាចរណ៏ផ្លូវគោកខេត្តតាកែវ ក៏បានធ្វើការសំណូមពរ ២ចំណុច៖ ទី១- សូមអ្នកបើកបរទាំងអស់ ទាំងរថយន្ត ទោចក្រយានយន្ត សូមបើកបរដោយស្មារតីប្រុងប្រយ័ត្ន និងត្រូវគោរពច្បាប់ចរាចរណ៍ ចំពោះអ្នកបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ការពារ ហើយអ្នកបើកបរម៉ូតូ ត្រូវ មានញ្ចក់ និងត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងទី២- សូមកុំបើកបរលើល្បឿនកំណត់ កុំបើកបរក្នុងស្ថានភាពស្រវឹង ឬងងុយ គោរពស្លាកសញ្ញាសារាចរណ៍ ត្រូវពិនិត្យ ប្រព័ន្ធបច្ចេកទេសរថយន្ត ដូចជាកង់ ហ្វ្រាំង មុនពេលចេញដំណើរ ជាពិសេសត្រូវមានអធ្យាស្រ័យគ្នាក្នុងការបើកបរ ៕ តាកែវ