ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ បានបំពាក់អាវុធដល់កងកម្លាំងអន្តរាគមន៍ពិសេស សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សា សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមក្នុងទីក្រុងភ្នំពេញ។
នារសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងលោក នាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី សំណេះសំណាល និងពំពាក់អាវុធ ជូនកងកម្លាំង អន្ដរាគមន៍ពិសេស សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិបានឡើងមានប្រសាសន៍ណែនាំនិងដាក់បទបញ្ជាថ្មីដល់កងកម្លាំងអន្តរាគមន៍ពិសេស សម្រាប់បម្រើឲ្យកិច្ចប្រតិបត្តិការរក្សា សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមថ្មីនេះនៅក្នុងទីក្រុងភ្នំពេញឱ្យសាមគ្គីគ្នាគោរពវិន័យនិងការចាត់តាំងដោយធ្វើយ៉ាងណាបំពេញបេសកកម្មបម្រើប្រជាពលរដ្ឋឱ្យបានល្អមានសន្តិសុខ សុវត្ថិភាព គាត់រកស៊ីទទួលទាននិងធ្វើការងារដេកលក់ស្រួលគ្មានការភ័យខ្លាចដោយក្រុមសង្គមងងឹតនិងក្រុមអមិត្ត៕ ដោយ៖បញ្ញាស័ក្តិ