Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់​បញ្ជា​ជាថ្មី​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ចុះ​ពិនិត្យ​គ្រប់​ហាង​បញ្ចាំ​២៤​ម៉ោង​ជាបន្ទាន់​ព្រោះ​ការបើក​២៤​ម៉ោង​ជា​អំពើ​ខុសច្បាប់​

​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ​បានដាក់​បញ្ជា​ថ្មី​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់​ពាក់ព័ន្ធ​ក្នុង​រាជធានី ត្រូវ​ចុះ​ពិនិត្យ​ទីតាំង​ហាង​បញ្ចាំ​២៤​ម៉ោង លើ​២៤​ម៉ោង​ជាបន្ទាន់​ភ្លាមៗ ព្រោះថា​ការបើក​បញ្ចាំ​២៤​ម៉ោង​នេះ ជា​អំពើ​ខុសច្បាប់ ដោយសារតែ​ហាង​បញ្ចាំ​នេះ​ច្បាប់​ដែល​ក្រសួង​អនុញ្ញាត​ឲ្យ​ត្រឹមតែ​ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៦​ល្ងាច​តែប៉ុណ្ណោះ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​បទបញ្ជា​ថ្មី​នេះ​ធ្វើឡើង​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ​ឆ្នាំ​២០១៧​នេះ ក្នុងឱកាស​ដែល​លោក នាំយក​អំណោយ​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូន​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​ប្រឡាយ​ស្ទឹងមានជ័យ ជំហាន​ទី​១ ចំនួន​១៦២​គ្រួសារ នៅ​វត្ត​ស្ទឹងមានជ័យ សង្កាត់ ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ បានលើកឡើង​ទៀតថា​៖​បើ​កុងស៊ីបញ្ចាំ​ណា​ដែល​ព្រងើយកន្តើយ មិន​អនុវត្តតាម​ការណែនាំរ​បស់​អាជ្ញាធរ​កុងស៊ីបញ្ចាំ​បើក​អាជីវកម្ម ចាប់ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​៦​ល្ងាច តែ​បើក​២៤​ម៉ោង​លើ​២៤​ម៉ោង គឺ​ខុសច្បាប់​ហើយ​។ ដូច្នេះ​សូម​អាជ្ញាធរ​តាម​ខណ្ឌ ចុះ​ពិនិត្យ​ជាបន្ទាន់ បើ​រកឃើញថា ការទទួល​បញ្ចាំ​មិនមាន​លិខិតស្នាម​ត្រឹមត្រូវ​ទៀត​នោះ នឹង​ចូលក្នុង​បទល្មើស​ផ្សំគំនិត ទទួលផល​ចោរកម្ម ហើយ​យើង​ដាក់​ទោសទណ្ឌ​អ្នកធ្វើ ដើម្បី​ឲ្យ​រៀងចាល ប្រទេស​មានច្បាប់ ត្រូវអនុវត្ត​ច្បាប់​ទាំងអស់គ្នា​។​

​គួរ​បញ្ជាក់ថា​៖​ទីតាំង​ហាង​បញ្ចាំ​មួយចំនួន បាន​បើកទទួល​បញ្ចាំ​២៤​ម៉ោង​លើ​២៤​ម៉ោង ហើយ​ទីតាំង​បញ្ចាំ​ខ្លះ​បាន​លួចលាក់​ទទួល​បញ្ចាំ​នូវ​ទ្រព្យសម្បត្តិ ដែលជា​បទល្មើស ជាហេតុ​នៅតែ​បង្ក​ភាពអសន្តិសុខ​ដល់​សង្គម ទោះបីយ៉ាងណា សម្រាប់​ក្របខណ្ឌ​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ធ្លាប់បាន​ណែនាំ​រួចមកហើយ ឲ្យ​បណ្ដា​ខណ្ឌ​ទាំង​១២ ចំណុះ​ឲ្យ​រាជធានី​ភ្នំពេញ ធ្វើយ៉ាងណា​ត្រូវ​ត្រួតពិនិត្យ​តាម​ហាង​បញ្ចាំ ដែលមាន​ក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​ក្រោយពី​ត្រួតពិនិត្យ ក៏ត្រូវ​តាមដាន​ជាប់​ជាប្រចាំ​ផងដែរ​ថា តើ​ទីតាំង​បញ្ចាំ​ទាំងនោះ បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​ដែរឬទេ ការចូលរួម គឺ​ក្នុង​រូបភាព​ទទួលយក​រប​ស់របរ​ពី​ចោរ តាមរយៈ​ការទទួល​បញ្ចាំ​ដែល​គ្មាន​ឯកសារ​។​

​គួរ​បញ្ជាក់ដែរថា​៖​ហាង​បញ្ចាំ​ត្រូវបាន​មនុស្សម្នា​ជាច្រើន​ស្គាល់​ថា គឺជា​កន្លែង​សម្រាប់​ដាក់​របស់ទ្រព្យ​មានតម្លៃ ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់​សម្រាប់​យកទៅ​ប្រើការ​ចាំបាច់​។ ទន្ទឹម​នឹងមាន​ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​ស្របច្បាប់​កើតឡើង​ជាច្រើន ហាង​បញ្ចាំ​ខុសច្បាប់​ក៏​កើតឡើង​ព្រោងព្រាត​ផងដែរ ហើយ​មួយរយៈ​មកនេះ​តាម​ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​ជាច្រើន​កន្លែង​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ តែ​ការត្រួតពិនិត្យ​នោះ​ហាក់​មិនមាន​ផ្លែផ្កា​ល្អ​នៅឡើយ​ទេ ដោយ​អាជ្ញាធរ​ខណ្ឌ​មួយចំនួន បានចេញ​សកម្មភាព​តែមួយ​រួច​ហើយក៏​ស្ងាត់​ទៅវិញ ទើប​ពេលនេះ​អភិបាល​រាជ​ធា​បី​ភ្នំពេញ​ចាប់ផ្ដើម​ជម្រុញ​ជាថ្មីទៀត​៕ ដោយ​៖​កូ​ឡាប​

×