Saturday, January 29, 2022

នគរបាល និង​ក្រុមហ៊ុន​ផ្ទេរប្រាក់ រួមគ្នា​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ការផ្ទេរ​ប្រាក់​

ភ្នំពេញ​៖​ បច្ចុប្បន្ន​វិស័យ​ហិរញ្ញវត្ថុ​មានការ​រីកចម្រើន​ក្រោម​ការវិនិយោគ​ពី​បណ្តា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ផ្ទេរ និង​ទូទាត់​ប្រាក់ ដែល​ប្រឈម​នឹង​ជនល្មើស​ក៏​ប្រើ​មធ្យោបាយ​នេះ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ក្នុងការ​ឆបោក​ប្រាក់​តាម​គ្រប់​រូបភាព ដែល​ធ្វើអោយប៉ះពាល់​ដល់​សន្តិសុខ​សង្គមជាតិ​។​

​ស្នងការដ្ឋាន​នគរបាល​ជាតិ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​ផ្ទេរប្រាក់ បាន​បើក​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ការ​វេ​ប្រាក់ ក្រោម​អធិបតីភាព​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ នា​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ បាន​មានប្រសាសន៍ថា បច្ចុប្បន្ន​វិស័យ​ហិរញ្ញវត្ថុ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សំគាល់ ដែល​បានធ្វើ​ឲ្យ​មានការ​កើនឡើង​នូវ​ការវិនិយោគ​ពី​បណ្តា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ផ្ទេរ និង​ទូទាត់​ប្រាក់ ដែល​ទន្ទឹមនឹង​អត្ថប្រយោជន៍​ពី​សេវា​កម្មនេះ ក្រៅពី​បម្រើ​សេវាកម្ម​សេដ្ឋកិច្ច ជនល្មើស​ក៏​ប្រើ​មធ្យោបាយ​នេះ​ដើម្បី​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ក្នុងការ​ឆបោក​ប្រាក់​តាម​គ្រប់​រូបភាព ដែល​ធ្វើអោយប៉ះពាល់​ដល់​សន្តិសុខ​សង្គមជាតិ ក្នុងនោះ​ផងដែរ​ជនល្មើស​បាន​ប្រើ​រូបភាព​ត្រូវ​ឆ្នោត​ផ្សងសំណាង កម្មវិធី​រង្វាន់​លើកទឹកចិត្ត ទិញ​ទំនិញ​អន​ឡាញ ការ​គម្រាម​ទារប្រាក់ ដូច្នេះហើយ​កងកម្លាំង​នគរបាល និង​បណ្ដាល​ក្រុមហ៊ុន​ផ្ទេរប្រាក់ ត្រូវ​រួមសហការ​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​លើ​បទល្មើស​នេះ​។​

​លោក​បាន​មានប្រសាសន៍​បន្តថា ជនរងគ្រោះ​ត្រូវបាន​ជនល្មើស​តម្រូវ​ឲ្យ​ផ្ទេរប្រាក់​តាម​ភ្នា​ក់​ដែល​ផ្តល់​សេវាកម្ម​ផ្ទេរ និង​ទូទាត់​ប្រាក់​ទៅកាន់​លេខ​ទូរស័ព្ទ​របស់​ជនល្មើស ដែល​ពុំមាន​អត្តសញ្ញាណ ដែលជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​លំបាក ក្នុងការ​កំណត់​មុខសញ្ញា​របស់​ជនល្មើស​។​

​លោក​បាន​បញ្ជាក់ទៀតថា ចំណុច​កើតឡើង​ច្រើន​ពិបាក​ស្រាវជ្រាវ ដូច​ជាការ​ក្លែងសម្លេង​ជា​ថ្នាក់ដឹកនាំ ក្នុងការ​រត់ការ​ដំឡើង​តួនាទី បុណ្យស័ក្តិ ការ​ក្លែង​ធ្វើជា​ស្រឡាញ់ ដោយ​តាមរយៈ​ការទាក់ទង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម តាមរយៈ​ការផ្ញើ​ជា​របស់របរ​ជាដើម​។​

​ឆ្លើយតប​នឹង​ប្រសាសន៍​របស់លោក​ខាងលើនេះ បណ្ដា​ក្រុមហ៊ុន​ផ្ទេរប្រាក់ បាន​សម្តែង​ការរីករាយ​ក្នុងការ​រួមសហការ និង​រួមចំណែក​ក្នុងការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​នេះ ដើម្បី​សេចក្ដីសុខ សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​សន្តិសុខ​សណ្ដាប់ធ្នាប់ ប្រទេសជាតិ​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​