Monday, March 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមន៍​ស្វាយចន្ទី​វៀតណាម សន្យា​ប្រមូល​ទិញ​ផលិតផល​ស្វាយចន្ទី ពី​កម្ពុជា ១ លាន​តោន​ក្នុង​១​ឆ្នាំ

spot_img

ភ្នំពេញ​៖ នា​ពេល​ថ្មីៗ​កន្លងទៅនេះ សមាគមន៍​ស្វាយចន្ទី​វៀតណាម បាន​មក​ជួប​ពិភាក្សា​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ដើម្បី​សិក្សា​ពី​លទ្ធភាព​ក្នុង​ការវិនិយោគ​ដាំ និង​ចុះកិច្ចសន្យា​ប្រមូល​ទិញ​ផលិតផល​ស្វាយចន្ទី ពី​កម្ពុជា រួច​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ជា​លក្ខណៈ​ផលិតផល​សម្រេច ឬ​ជា​វត្ថុធាតុដើម​ឲ្យបាន ១ លាន​តោន​ក្នុង​១​ឆ្នាំ នាពេល​អនាគត​។

​ក្នុង​ជំនួប​ជាមួយ​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​កាលពីពេល​ថ្មីៗ​នេះ លោក ឧកញ៉ា ឡេង ឬ​ទ្ធី ប្រធាន​សម្ព័ន្ធ​កៅស៊ូ​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ តាម​អ្វី​ដែល​អគ្គលេខា​នៃ​ស្ថានទូត​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបន្ទុក​ការងារ​ពាណិជ្ជកម្ម បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ជ្រាបថា ក្នុង​១​ឆ្នាំៗ​វៀតណាម​បាន​នាំចូល​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា​ប្រមាណ​ជាង ១០០​ពាន់​តោន ក្នុង​នោះ​កម្ពុជា​ផលិត​បាន​១០៤​ពាន់​តោន​ក្នុង​ឆ្នាំ​២០១៦​។​

​លោក​វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​អនុញ្ញាឲ្យ​លោក ឧកញ៉ា ឡេង ឬ​ទ្ធី ប្រធាន​សម្ព័ន្ធ​កៅស៊ូ​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​ចូលជួប​សម្តែង​ការគួរសម ពិភាក្សា​ការងារ និង​រាយការណ៍​ជូន​ជ្រាប​ពី​ដំណើរការ​នៃ​ការរៀបចំ​ឯកសារ ពាក់ព័ន្ធ​សំខាន់ៗ ដូច​ជា​ឯកសារ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ឯកសារ​សម្របសម្រួល​នៃ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​រវាង​ភាគី​ទាំងពីរ ដើម្បី​ឈាន​ទៅ​ធ្វើ​ការប្រមូលទិញ​ស្វាយចន្ទី​ពី​ប្រទេស​កម្ពុជា​រួច​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​។​

​ក្នុង​ឱកាស​មក​ទស្សន​កិច្ច​នៅ​កម្ពុជា​នេះ​សមាគមន៍​ស្វាយចន្ទី​វៀតណាម​បាន​សន្យាថា​នឹង​ផ្តល់ជូន​ពូជ​ស្វាយចន្ទី​ចំនួន​១​លាន​កូន ដល់​ភាគី​កម្ពុជា​និង​បាន​សន្យាថា​នឹង​បញ្ជូន​អ្នកជំនាញ​មក​សិក្សា​និង​វាយតម្លៃ​លើ​ស្ថានភាព​ដី និង​សក្តានុពល​លើ​ការដាំដុះ​ស្វាយចន្ទី​នេះ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​។​

​ទាក់ទង​និង​ប្រធានបទ​នេះ​លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​សមាគមន៍​វៀតណាម​តាម​រយៈ​លោក​ឧកញ៉ា​ថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ រង់ចាំ​ស្វាគមន៍ និង​សហការ​ចំពោះ​គម្រោង​ប្រមូល​ទិញ​ផលិតផល​ស្វាយចន្ទី​ដើម្បី​នាំចេញ​ទៅ​កាន់​ប្រទេស​វៀតណាម ពីព្រោះ​គម្រោង​នេះ​គឺ​ជួយ​នាំយក​ផលិតផល​នេះ​ទៅ​កាន់​ទីផ្សារ កាលណា​កសិផល​មាន​ទីផ្សារ​កសិករ​នឹង​បន្ត​ធ្វើ​ការដាំដុះ​ដោយ​ឈរលើ​គោលការណ៍​នៃ​ការអនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា វិធី​នេះ​អាច​នឹង​ជួយ​កសិករ​ឬ​ម្ចាស់​ចំការ​ធ្វើ​ការបង្កើន​ទិន្នផល​តាមរយៈ​ការអនុវត្ត​បច្ចេកទេស​ទំនើប (​ពូជ ជី ថ្នាំ​) ជាពិសេស​បច្ចេកវិទ្យា​ក្រោយពេល​ប្រមូល​ផល​សំដៅ​ដល់​ការកាត់បន្ថយ​កំហាត​បង់​ទុន​ផលិត និង​បង្កើន​ចំណូល​។ ម្យ៉ាងវិញទៀត​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​សង្កត់ធ្ងន់​ថា​ប្រសិនបើ​គម្រោង​នេះ​ដំណើរ​ទៅ​ដោយ​រលូន នោះ​គឺ​ឆ្លើយតប​បាន​យ៉ាង​ពេញទំហឹង​ទៅ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ការបង្កើន​និង​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម ក្នុង​ចេតនា​ប្រែក្លាយ​ប្រទេសមួយ​នេះ​ពី​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កំរិត​ទាប​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កំរិត​ខ្ពស់​នា​ឆ្នាំ​២០៣០​។ ទន្ទឹមនឹងនេះ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ​ភាគី​ទាំងពីរ​រៀបចំ​សមាសភាព​ក្រុម​ការងារ​ជំនាញ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ឯកសារ​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ឯកសារ​សម្របសម្រួល​នៃ​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យារ ធ្វើយ៉ាងណា​ឲ្យ​សមាគមន៍​អាច​ចុះ​ប្រមូល​ទិញ​គ្រាប់ស្វាយចន្ទី​ទាន់​រដូវ​ប្រមូល​ផល​នា​ខែ​មិនា និង​មេសា​ខាង​មុខ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×