Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជាន់ខ្ពស់​រដ្ឋបាល​រាជធានី​បាន​កៀរគរ​ឱ្យ​សមាគម​ត្រកូល​លីម​បណ្ដាក់​ទុនវិនិយោគ​នៅ​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែច្រើន​បន្ថែមទៀត​

​ភ្នំពេញ ​៖ ​លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែង​កៀរគរ​អ្នកវិនិយោគ​ជនជាតិ​ចិន ជាពិសេស​បងប្អូន​ក្នុង​សមាគម​ត្រកូល​លីម ឲ្យ​មក​ដាក់ទុន​វិនិយោគ​ឲ្យ​កាន់តែច្រើន​នៅ​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុជា ដោយ​លោក​បាន​បញ្ជាក់ថា​បងប្អូន​ត្រកូល​លីម​រូប​ណា​ដែល​មិនទាន់បាន​បណ្តាក់ទុនរ​ក​ស៊ី​នៅ​កម្ពុជា​សូម​អញ្ជើញ​បណ្ដាក់ទុន​នៅ​កម្ពុជា​។​

​ក្នុង​ពិធី​សម្ពោធ​ឲ្យ​ប្រើប្រាស់​អគារ​ថ្មី​នៃ​សមាគម​ត្រកូល​លីម​នៅ​កម្ពុជា​នៅ​ថ្ងៃទី 21 កក្កដា 2019 នេះ នៅក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប ocic ខណ្ឌ​ជ្រោយចង្វា លោកស្រី ធាន លីង ប្រធាន​ផ្នែក​កុងស៊ុល​នៃ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចូលរួម​អបអរសាទរ​យ៉ាង​កក់​ក្តៅ​ចំពោះ​ការសម្ពោធ​ឲ្យ​ប្រើប្រាស់​អគារ​ថ្មី​នៃ​សមាគម​ត្រកូល​លីម​នៅ​កម្ពុជា ។ ការសម្ពោធ​ឲ្យ​ប្រើប្រាស់​អគារ​ថ្មី​នេះ​គឺជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​បងប្អូន​ត្រកូល​លីម នៅ​ទូទាំងប្រទេស​កម្ពុជា និង​ជា​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី​មួយទៀត​របស់​សមាគម​ត្រកូល​លីម​នៅ​កម្ពុជា​។ បងប្អូន​កម្ពុជា នៅក្នុង​និង​ក្រៅប្រទេស មានចិត្ត​សប្បុរស​ជួយ​ជ្រោមជ្រែង យ៉ាងខ្លាំង​ក្នុងការ​អភិវឌ្ឍ​កិច្ចការ​សមាគម​ខ្មែរ​ចិន ពួកគាត់​បាន​ចូលរួម​យ៉ាងសកម្ម ទាំង​លើ​នេះ ពិតជា​គួរ​ឲ្យ​កោតសរសើរ​មែន​។ តាំងពីដើម​រហូតមក បងប្អូន​កូនចៅ​ចិន បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​កម្ពុជា យ៉ាងសកម្ម ខិតខំ​អភិវឌ្ឍ​វិស័យ​អប់រំ​អក្សរសាស្ត្រ​ចិន លើកតម្កើង​វប្បធម៌​នៃ​ប្រពៃណី​របស់​ចិន និង​សកម្ម​ក្នុងការ​ចងក្រង​សាមគ្គី​គ្នា ជាមួយ​បងប្អូន​សមាគម​ទាំងឡាយ​នៅ​កម្ពុជា​។ សមត្ថភាព​របស់​សមា​គម ក៏បាន​អភិវឌ្ឍ​កើន​ឡើងជា​បន្តបន្ទាប់​។ ស្របពេល​ជាមួយគ្នា​សមាគម ក៏បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​កិច្ចការ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍន៍​វិស័យ​អប់រំ​អក្សរសាស្ត្រ​ចិន និង​កិច្ចការ​មនុស្សធម៌ ហើយ​សមាគម​ក៏បាន​ចូលរួម​វិភាគទាន យ៉ាងសកម្ម​ផងដែរ ក្នុងការ​ពង្រឹង​មិត្ត​ភាពជា​ប្រពៃណី រវាង​ប្រជាជន​ចិន​កម្ពុជា​។ ដោយ​យោងតាម​សន្ទុះ នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រទេស​ទាំងពីរ ចិន​កម្ពុជា នាពេល​បច្ចុប្បន្ន អាណិកជន​ចិន និង​ពាណិជ្ជករ​ចិន បាន​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​ជំរុញ មិត្តភាព​ចិន​កម្ពុជា បាន​យ៉ាង​ល្អ ហើយ​សង្ឃឹមថា សមាគម​ត្រកូល​លីម​កម្ពុជា រូប​រួមគ្នា បន្ត​អភិវឌ្ឍ​កិច្ចការ​របស់ខ្លួន ឲ្យ​កាន់តែ​រីកចម្រើន​ធំធាត់​ថែមទៀត នឹង​ខិតខំ​រួមគ្នា​ជាមួយ សមាគម​ចិន​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះដែរ លោក​ឧកញ៉ា​ពុង ឃាវ​សែ ប្រធាន​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន បាន​ថ្លែងថា ត្រកូល គឺជា​ត្រកូល​ដ៏​ធំ​មួយ ក្នុងចំណោម​ត្រកូល​ធំៗ​ទាំងឡាយ ដែលមាន​សមាជិក នៅ​គ្រប់​តំបន់ ក្នុង​ពិភពលោក ដែល​បាន​ផ្តាំ​ខ្ជាប់​នូវ​គុណធម៌ រូប​រួម និង​ជួយ​គ្នា​ទៅវិញទៅមក ប្រឹងប្រែង​ធ្វើការ នឹង​ក្លាយជា​វីរជន​ដ៏​ឆ្នើម នៃ​គ្រប់​ស្រទាប់វណ្ណៈ​។ សមាគម​ត្រកូល​លីម​នៅ​កម្ពុជា គឺជា​សមាជិក​មួយ របស់​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា ចាប់តាំងពី​បង្កើត​មក កិច្ចខិតខំ​ប្រឹងប្រែង របស់​សមាជិក​គ្រប់​អាណត្តិ មាន​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​ល្អ និង​បាន​ពង្រីក​នូវ​សកម្មភាព​ខ្លួន​ជាច្រើន ដើម្បី​បម្រើ​ដល់​បងប្អូន​កូនចៅ​ចិន និង​រឹតចំណង​មិត្តភាព​កម្ពុ​ជា​ចិន ឲ្យ​កាន់តែ​ស្អិតល្មួត​។ សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា នឹង​បន្ត​គាំទ្រ​ដល់​សកម្មភាព​ផ្សេងៗ របស់​សមាគម​ត្រកូល​លីម នៅ​កម្ពុជា ដើម្បី​រួមចំណែក​អភិវឌ្ឍ ពង្រឹង​មិត្តភាព​កម្ពុជា​ចិន សេដ្ឋកិច្ចជាតិ កូនចៅ​ជំនាន់​ក្រោយ និង​សមាគម​ចិន ឲ្យ​កាន់តែ​រីកចម្រើន​។

​ក្នុងឱកាស​នោះដែរ លោក​នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ ដែលជា​តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ស្នើ​ឲ្យ​បងប្អូន​ជនជាតិ​ចិន​ទាំងអស់​បន្តបាន​ដាក់ទុន​វិនិយោគ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល និង​បានចាត់ទុក បងប្អូន​ជនជាតិ​ចិន ដែល​អញ្ជើញ​មកពី​គ្រប់ទិសទី គឺជា​មិត្ត​ភ​ក្កិ​ល្អ ជា​បងប្អូន​ល្អ ជា​អ្នកជិតខាង​ល្អ និង​ជា​ដៃគូ​រកស៊ី​ល្អ ជាមួយគ្នា នាពេល​បច្ចុប្បន្ន និង​ក៏ដូចជា​នាពេល​អនាគត ។ នៅ​រាជធានី​ភ្នំពេញ មាន​ប្រជាជន​ប្រមាណ​ជិត 3 លាន​នាក់ ហើយ​មាន​កំណើនសេដ្ឋកិច្ច​គួរ​ឲ្យ​កត់សម្គាល់ បាន​បង្កើត​នូវ​បរិយាកាស​វិនិយោគ ដ៏​ល្អ​សម្រាប់​បងប្អូន​ជនជាតិ​ចិន ដើម្បី​បន្ថែម​នូវ​ឱកាស​វិនិយោគ ក្នុង​រាជធានី​ភ្នំពេញ​។ ឆ្លៀត​ក្នុងឱកាស​នេះ តាងនាម​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក​អភិបាលរង សូម​ថ្លែងអំណរគុណ​ដល់​ស្ថានទូត​ចិន ដែល​តែងតែមាន​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទាំង​ការងារ​សង្គម និង​ទាំង​ការងារ​វិនិយោគ ព្រមទាំង​ការងារ​ការទូត​។ លោក​អភិបាលរង​រាជធានី​ភ្នំពេញ ក៏បាន​អរគុណ​ដល់​សម្ព័ន្ធ​ខ្មែរ​ចិន ដែល​ដឹកនាំ​ដោយ​លោក​ឧកញ៉ា​ពុង ឃាវ​សែ បាន​គៀរគរ​បងប្អូន​ជន​ជាតិចិន​ទាំងអស់​នៅ​កម្ពុជា បងប្អូន​ខ្មែរ​ដែលមាន​ដើមកំណើត​ចិន នៅ​រាជធានី​ភ្នំពេញ ឬក៏​ដូចជា​នៅ​ទូទាំង​កម្ពុជា ឲ្យ​បន្ត​ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​នៅ​រាជធានី និង​កម្ពុជា​។ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចាត់ទុក​បងប្អូន​ត្រកូល​លីម ជា​ដៃគូ​ល្អ ក្នុងការ​វិនិយោគ សម្រាប់​ជំរុញ​ការអភិវឌ្ឍ នៅក្នុង​រាជធានី​ភ្នំពេញ​។ បងប្អូន​ត្រកូល​លីម​ណា ដែល​មិនទាន់​ដាក់ទុន​វិនិយោគ នៅ​រាជធានី​ភ្នំពេញ ឬក៏​នៅ​កម្ពុជា សូម​គិតគូរ​នូវ​ឱកាស​វិនិយោគ នៅ​ប្រទេស​កម្ពុជា និង​នៅ​រាជធានី​ភ្នំពេញ ហើយ​បើ​អ្នកណា បានដាក់​ទុនវិនិយោគ​ហើ​យ សូម​គិតគូរ រិះរក​ផែនការ​វិនិយោគ​របស់​ខ្លួន បន្ថែមទៀត ៕​ ដោយ​៖ កូ​ឡាប​

×