ខេត្តកោះកុង ៖ ប្រជាពលរដ្ឋរស់នៅខេត្តកោះកុង ជាពិសេសរសនៅក្រុងខេមរភូមិន្ទ បង្ហាញកង្វល់ពីការលុចលង់លំនៅដ្ឋាន ដោយសារជំនន់ទឹកភ្លៀង នៅគ្រាប្រព័ន្ធលូ អូរ និងប្រឡាយបង្ហូរទឹក ត្រូវកកស្ទះដោយសំរាម និងចាក់ដីលុបធ្វើកម្មសិទ្ធិ។
ប្រជាពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ ឲ្យដឹងថា រាល់ថ្ងៃនេះ ដោយសារតែវិស័យសំណង់ នៅខេត្តកោះកុងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងសកម្មភាពទិញ ជួល និងលក់ កំពុងមានសកម្មភាពខ្លាំងក្លា ប៉ុន្តែបញ្ហាអនាម័យ បរិស្ថាន និងជំនន់ទឹកភ្លៀង ក៏កំពុងបង្កើតជាបញ្ហា តម្រូវឲ្យផ្នែកពាក់ព័ន្ធរួមគ្នាដោះស្រាយផងដែរ។
ទាក់ទិនបញ្ហានេះ មន្ត្រីរដ្ឋបាលសាលាក្រុងខេមរភូមិន្ទ ឲ្យដឹងថា ក្រុងខេមរភូមិន្ទ គឺជាក្រុងមួយមានហ៊ុមព័ទ្ធដោយសមុទ្រ។ ហើយថា ស្ថានភាពភូមិសាស្ត្របែបនេះ បានផ្តល់ភាពងាយស្រួលខ្លាំងណាស់ ក្នុងការញែកសំរាម និងរំដោះជំនន់ទឹកភ្លៀង ឲ្យហូរឆ្ពោះទៅកាន់ក្នុងសមុទ្រ។ ប៉ុន្តែទោះជាបែបនេះក្តី ចាប់ពីដើមខែខែកក្កដា ឆ្នាំ២០១៩ មកដល់ពេលនេះ ក្រុងខេមរភូមិន្ទ បានទទួលរងដោយជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ ហើយក៏បានស្ងប់វិញក្នុងពេលមេឃ ឬអាកាសធាតុឈប់ធ្លាក់ភ្លៀង ដែលផលប៉ះពាល់បណ្តាលមកពីការសង់លំនៅឋាននៅលើទឹក ដូចជាចំណីអូរ និងប្រឡាយ សម្រាប់រំដោះខុសប្រក្រតី។
ឆ្លើយតបបញ្ហានេះ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានបើកកិច្ចប្រជុំជាបន្ទាន់ ដោយបានដាក់ផែនការដល់មន្ទីរជំនាញ អាជ្ញាធរ ក្រុង-ស្រុក-ឃុំ-សង្កាត់-ភូមិ ត្រូវនាំគ្នាចុះស្រង់ទិន្នន័យ និង ទប់ស្កាត់រាល់សំណង់ ដែលបានសាង់សង់ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងសង់រំលោភដល់ដីចំណីមាត់អូរ លូ និងប្រឡាយ សម្រាប់រំដោះទឹក ដើម្បីទប់ស្កាត់បញ្ហាកកស្ទះសំរាម និងទឹកជំនន់ជាដើម។
បន្ថែមលើនេះ លោកអភិបាលរង បានព្រមានថា រាល់គ្រប់សំណង់សង់អត់ច្បាប់ទាំងអស់ មិនថាជាសំណង់រដ្ឋ អង្គការក្រៅរដ្ឋាភិបាល និង សំណង់ឯកជននោះទេ គឺត្រូវតែជំរុញឲ្យពួកគាត់មកធ្វើលិខិតស្នើសុំការសាងសង់ឲ្យបានត្រឹមត្រូវជាមុនសិន ប្រសិនបើអាជ្ញាធរ ឬជំនាញរកឃើញថា មានសំណង់ដែលពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ចាំបាច់ត្រូវផ្អាកការសាងសង់ជាបន្ទាន់ ជាពិសេសត្រូវហាមដាច់ខាតចំពោះការសាងសង់សំណង់នៅលើដីសាធារណៈរបស់រដ្ឋ និងដី ដែលស្ថិតក្នុងតំបន់ហាមឃាត់ដូចជា៖ ដីបម្រុងជីករ៉ែ សួនច្បារ ដីតំបន់ព្រៃឈើ ទំនប់ទឹកបុរាណវិទ្យាប្រវត្តិសាស្រ្ត ចំណីផ្លូវ ព្រែក បឹង ត្រពាំង អូរ ស្ទឹង ឆ្នេរច្រាំងមាត់សមុទ្រ។ល។
ចុះវិញការដាក់ចេញវិធានការខាងលើ មិនទាន់សម្រេចចេញលទ្ធផលជាវិជ្ជមានទេ ប៉ុន្តែផ្ទុយទៅវិញ ស្រាប់តែមានផ្ទុះចេញនូវរឿងមិនប្រក្រតី មានលក្ខណៈទ្រង់ទ្រាយធំ ស្ថិតចំកណ្តាលក្រុងខេមរភូមិន្ទ បង្កផលប៉ះពាល់ដល់ការរស់ប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ និងផលប្រយោជន៍សាធារណៈ។
បញ្ហានោះ គឺមានប្រឡាយមេមួយខ្សែ លាតសន្ធឹងកាត់ភូមិ២ និងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ត្រូវបានបិទជិត ដោយ ភូមិគ្រឹះ និងលំនៅឋានរាប់សិបខ្នង បានសង្កត់ពីលើ បង្កការកកស្ទះដោយសំរាម រាប់សិបជំនាន់ តកូន តចៅ។
និយាយដល់ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរងគ្រោះ ក្នុងតំបន់នោះ បានស្នើដល់អាជ្ញាធរក្រុង ជួយដោះស្រាយជុំវិញពបញ្ហាខាងលើនេះ ឲ្យបានឆាប់ផង ព្រោះត្រូវទឹកភ្លៀងជន់លិច។
ឆ្លើយតបក្តីកង្វល់ របស់ប្រជាពលរដ្ឋក្រុងខេមរភូមិន្ទ លោក ឈឹម ចិន អភិបាលស្តីទីក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងលោក នាម យ៉ុង ចៅសង្កាត់ស្មាច់មានជ័យ សហការជាមួយក្រុមហ៊ុនដឹកសំរាម សម្រេចដាក់កម្លាំងបន្ថែម ដើម្បីចុះស្តារប្រឡាយ ឬអូរ ដែលកកស្ទះដោយសំរាមជាច្រើនឆ្នាំមកហើយ ដើម្បីបើកផ្លូវបង្ហូរទឹកចូលទៅសមុទ្រវិញ។
លោកអភិបាលរងក្រុង បន្តថា ក្រោយពេលមានភ្លៀងធ្លាក់រយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយ ធ្វើឲ្យលិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ និងនៅតាមដងផ្លូវសាធារណៈ ក្នុងភូមិសាស្រ្តក្រុងខេមរភូមិន្ទ អាជ្ញាធរបានបញ្ជូនមន្ត្រីជំនាញពាក់ព័ន្ធ ឲ្យសហការចុះស្តារប្រឡាយ អូរ និងលូបង្ហូរទឹកក្នុងមូលដ្ឋាននេះ តាមស្ថានភាពជាក់ស្តែង៕ ដោយ៖ ដែន សីមា