Wednesday, January 14, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ត្រៀម​បង្ហាញ​ទិដ្ឋភាព​ដ៏​ស្រស់បំព្រង នៃ​រុក្ខវិថី​សាគូ​រ៉ា នៅ​ឆ្នាំ​២០២២

​ខេត្តកោះកុង​៖ អភិបាលស្រុក​មណ្ឌលសីមា លោក ហាក់ ឡេង មានជំនឿថា អាច​ចន្លោះ​ពី ២ ទៅ ៣​ឆ្នាំ​ខាងមុខនេះ វត្តមាន​ដ៏​ស្រស់ស្អាត នៃ​ផ្កា​សាគូ​រ៉ា និង​លេច​នូវ​រូបរាង​ដ៏​ស្រស់ស្អាត ហើយ​អាច​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​ទស្សនា​កម្សាន្ត នា​មូលដ្ឋាន​ខេត្តកោះកុង​បាន​ច្រើន​ថែមទៀត​។​

​លោក​ភុ​បាល​ឲ្យ​ដឹង​ដូច្នេះ នៅក្នុង​ឱកាស ដឹកនាំ​មន្ត្រី​ចុះ​ដាំ​ផ្កា​សាគូ​រ៉ា នៅតាម​ផ្លូវ​មួយកន្លែង កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​។​

​ឆ្លៀតឱកាស​នោះ លោក ហាក់ ឡេង ក៏បាន​ស្នើរ​ដល់​អាជ្ញាធរ​ភូមិ​ឃុំ ឲ្យ​ជួយ​យកចិត្តទុកដាក់​មើលថែរ និង​ស្រោច​ទឹក​ដើម​ផ្កា ដែល​បាន​ដាំ​រួច​នៅ​អម​សងខាង​ផ្លូវ​។ ជាពិសេស​ជាង​នេះ ត្រូវ​ជួយ​ណែនាំ​អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​កម្មករ​កម្មការិនី​រោងចក្រ​ទាំងអស់ ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន ឲ្យ​បាន​ទាំងអស់គ្នា ចៀសវាង​ការបោះ​ចោល​សំរាម ក្នុង​សួនច្បារ​ជាពិសេស​ត្រូវ​ថែរក្សា​ដើម​ផ្កា​សាគូ​រ៉ា ដែល​ទើប​ដាំ​រួច​ថ្មីៗ​នេះ​។​

​លោក​អភិបាល​អំពាវនាវ​ថា យើង​ត្រូវ​រួមគ្នា​មិន​បោះ​សំរាម​ចោល​ផ្តេសផ្តាស មានន័យថា បងប្អូន​ពិតជា​បានរួម​ចំណែក​មួយ​យ៉ាង​ធំធេង ដែល​មិនអាច​ខ្វះ​បាន នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ជាការ​លើកកម្ពស់​បរិស្ថាន និង​សោភ័ណភាព​តាម​ដងផ្លូវ​សាធារណៈ​។

​សូមបញ្ជាក់ថា ឆ្លៀតពេល​ដ៏​មមាញឹក​ពី​ការងារ លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា កាលពី​ថ្ងៃទី​២៣ ខែកក្កដា បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះ​ដាំ​ដើម​ផ្កា​សាគូ​រ៉ា លាតសន្ធឹង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨ ចាប់ពី​ចំណុច​គល់ស្ពាន​កោះកុង ត្រើយ​ខាងលិច រហូតដល់​មុខ​សាលាស្រុក​មណ្ឌលសីមា​៕ ដោយ​៖ ដែន សីមា​

×