Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​បោះបង្គោល រំលោភ​យក​ដី​វត្ត​គោក​បញ្ជាន់​ជនបង្ក​ម្នាក់​សារភាពថា គឺ​ក្រុមហ៊ុន ហេង ចេស្ដា ជា​អ្នកបញ្ជា​

spot_img

(​ភ្នំពេញ​)៖ ជនបង្ក​ម្នាក់​ទៅ​បោះបង្គោល​រំលោភ​យក​ដី​វត្ត​គោក​បញ្ជាន់ មាន​ទំហំ​ជិត​៤​ហិកតា មានតម្លៃ​ជាង​១៨​លាន ដុល្លារ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា អ្នក​ដែល​បញ្ជា​ឲ្យ​រូបគេ ទៅ​បោះបង្គោល​យក​ដី​វត្ត គឺមាន​ឈ្មោះ​ហេង ចេស្ដា ប្រធាន​ក្រុមហ៊ុន ហេង ចេស្ដា តែ​អត្តសញ្ញាណ​ពិតប្រាកដ​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​នោះទេ អ្នកខ្លះ​គេ​ថា​ឈ្មោះ ហេង ចេស្ដា នេះ មាន​ឋានៈ​ជា​ឧ​ត្ត​ម​សេនីយ៍​។

​ក្នុងនោះ​តាម​ការអះអាង ក្រោយពី​មន្ត្រី​អាជ្ញាធរ​លើកគ្នា​ចុះទៅ ដក​បង្គោល​បោះ​រំលោភ​យក​ដី​វត្ត និង​ឃាត់ខ្លួន​កូនចៅ​គេ​យកទៅ​សួរនាំ​រួចមក មាន​បុរស​ម្នាក់​ដែល​អះអាងថា ឈ្មោះ ហេង ចេស្ដា ខាងលើ បាន ទូរ​ស័​ព្ឌ​ទៅ​គំរាម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ទៀតផង​។​

​សូមបញ្ជាក់ថា កាលពីពេល​ថ្មីៗ​នេះ​មាន​មនុស្ស​មួយក្រុម​មាន​គ្នា​ជិត​១០​នាក់ បាននាំគ្នា​យក​បង្គោល​ទៅ​បោះ​រំលោភ​យក​ដី​ស្រះ​ទឹក​វត្ត​គោក បញ្ជាន់​មាន​ទំហំ​ជាង​៣​ហិកតា មាន​ទីតាំង​ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោ​ធ៏​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​បោះទីតាំង​ឈរជើង​នៅ​ទី នោះ​ដើម្បី​ការពារ​បង្គោល និង​ដី​ដែល​ពួកគេ​អះអាងថា​ធ្វើតាម​បញ្ជា​មេ​របស់​ពួកគេ​។ ក្រោយ​មាន​ករណីបែបនេះ បានធ្វើអោយ​អ្នកភូមិ​ផ្ទុះ​ប្រតិកម្ម ឡើង ហើយ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ពោ​ធ៌​សែន​ជ័យ បាន​លើកគ្នា​ចុះទៅ​ដក​បង្គោល​ស៊ីម៉ងត៍​នោះ ចេញ​វិញ​រួមទាំង​ឃាត់ខ្លួន​មនុស្ស​ចំនួន​២​នាក់ យកទៅ​សាកសួរ​ផងដែរ តែ​ក្រោយមក​បុរស​ម្នាក់ មិនមាន​ពាក់ព័ន្ធ​ក៏​ដោះលែង​វិញ ដោយ​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​តែ​ម្នាក់​ប៉ុណ្ណោះ​។​
​បុរស​ដែល​ត្រូវបាន​ឃាត់ខ្លួន​នោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហង្ស ពេជ្រ ភេទ​ប្រុស អាយុ​៥៦ ឆ្នាំ អតីត​យោធា​ពិការ​នៅ​អង្គភាព​ភូមិភាគ​ពិសេស មុន​ធ្លាក់ខ្លួន​ពិការ មាន​ឋានន្តរ​ស័ក្ក ថ្នាក់​វរសេនីយ៍ឯក មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​តា​ង៉ូ​វ សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ​។ តាម​ចំលើយ​របស់លោក ហង្ស ពេជ្រ បាន​ឲ្យ​ដឹងថា គាត់​មក​មើល​ដី​ខាងលើនេះ​តាម​បញ្ជា ក្រុមហ៊ុន ហេង ចេស្ដា ដែលមាន​ទីស្នាក់ការ​នៅ​ម្ដុំ​វត្ត​និរោធ​ខណ្ឌ​ច្បារអំពៅ​តែ ប៉ុណ្ណោះ​។ បច្ចុប្បន្ន ឈ្មោះ​ហង្ស ពេជ្រ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​។​

​ពាក់ព័ន្ធ​ការអះអាង​ខាងលើ នៅ​រសៀល​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ អ្នកសារព័ត៌មាន មិនអាច​ធ្វើការ​ទាក់ទង​ក្រុមហ៊ុន ហេង ចេស្ដា ដើម្បី​សុំ​ការបំភ្លឺ​បានទេ​។​

​គួររំលឹកថា កាលពី​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០០៥ ដី​ស្រះ​ព្រះ​ទន្លេ របស់​វត្ត​គោក​បញ្ជាន់​នេះ មាន​ទំហំ​៣៦,៦៥៦​ម៉ែត្រការ៉េ ត្រូវបាន​លោក ឆាយ ឬ​ទ្ធិ​សែន អតីត​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ​កាលសម័យ​ណោះ ចុះបញ្ជី​ចេញ​បណ្ណ​កម្មសិទ្ធិ ជា សម្បត្តិ របស់​វត្ត​គោក​បញ្ជាន់ ស្ថិតក្នុង​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដី​ស្រះ​ព្រះ​ទន្លេ​នេះ ធ្លាប់មាន​ក្រុម​ជនខិលខូច​ឃុបឃិត​គ្នា​លួច​លក់​ម្តង​រួចមកហើយ ប៉ុន្តែ​ត្រូវបាន​ប្រជាពលរដ្ឋ​រារាំង និង ប្តឹង​ទប់ស្កាត់​ទាន់ពេលវេលា​។​

​ដោយ​នៅពេលនោះ​ក្រុម​ជន​ខិ​ច​ខូច បាន​លួច​លក់​ដី​ជាប់​សាលារៀន​បឋមសិក្សា​គោក​បញ្ជាន់ ដែលជា​កម្មសិទ្ធិ​របស់​វត្ត ទំហំ ៧​ម៉ែត្រ គុណ​នឹង​១០០​ម៉ែត្រ​អស់​ម្ដង​រួចមកហើយ​។ ពលរដ្ឋ​សង្កាត់​ចោមចៅ​២ បាន​ឲ្យ​ដឹងថា ករណី​ដី​ស្រះ​ព្រះ​ទន្លេ របស់​វត្ត​គោក​បញ្ជាក់​នេះ កំពុងស្ថិត​ក្រោម​ចំណាត់ការ​របស់​តុលាការ​រាជធានី​នៅឡើយ ដោយសារ​ប្រជាពលរដ្ឋ​បាន​ប្តឹង​រក្សា​ការពារ និង​សុំ​រំលាយ​គណៈកម្មការ​វត្ត​គោក​បញ្ជាន់​ចោល ព្រោះ​ពួកគាត់​សង្ស័យថា ដី​វត្ត​អាច​ឈ្មួញ​ទិញ​បាន​ព្រោះ​មាន ការឃុបឃិត​គ្នា​ពី​មនុស្ស​ដែលមាន​សិទ្ធិអំណាច សម្រេច​កិច្ចការ​នៅក្នុង​វត្ត​នេះ​។​

​តាម​អ្នករកស៊ី​ទិញ លក់​ដីធ្លី បាន​បង្ហើប​ឲ្យ​ដឹងថា ទីតាំង​ដី​ស្រះ​ទន្លេ​របស់​វត្ត​គោក​បញ្ជាន់​នេះ បើ​លក់បាន​១​ម៉ែត្រការ៉េ​ខ្ទង់​៥០០​ដុល្លារ ដូចនេះ បើ​គេ​យក​៣៦.៦៥៦​ម៉ែត្រការ៉េ​គុណ​៥០០​ដុល្លារ​ទៅ គឺ​ស្មើរ​១៨.៣២៨.០០០​ដុល្លារ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×