ភ្នំពេញ៖ នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៩នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងករណីចោរឆក់កាបូបស្រ្តីលក់ផ្លែឈើដាក់តាមរទេះ កាលពី វេលាម៉ោង៤៖១០នាទីទៀបភ្លឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សូមធ្វើការបញ្ជាក់ការពិតដល់បងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបច្បាស់ថា ក្រោយពីទទួលព័ត៌មាននៅលើបណ្ដាញសង្គមភ្លាម ក្រុមការងារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះធ្វើការសាកសួរ និងស្រាវជ្រាវលើករណីនេះភ្លាម ទើបទទួលបានលទ្ធផលដូចខាងក្រោមៈ ១. ជាក់ស្តែងពិតជាមានមែនទាក់ទងទៅកំប៉ុងស្រានៅប៉ុស្តិ៍ ប៉ុន្តែខាងក្រុមការងារសង្កាត់បានបញ្ជាក់យ៉ាងច្បាស់ថា នៅយប់ថ្ងៃនោះសង្កាត់បានទទួលស្រាមួយកេះពីប្រជាពលរដ្ឋ ហើយសង្កាត់ក៏បានហៅប្រជាការពារ មេភូមិ មកពិសាទាំងអស់គ្នា នៅមុខប៉ុស្តិ៍ដោយសារមានភ្លើងភ្លឺ ក្រោយមកក៏មានអំពើហិង្សាមួយកើតឡើងប្រជាពលរដ្ឋបានមកប្តឹងប៉ុស្តិ៍ពេលនោះកម្លាំងប៉ុស្តិ៍ក៏បានចេញទៅភ្លាមដើម្បីដោះស្រាយបញ្ហានេះ ហើយនៅពេលពិសាចប់ដោយពុំមានអ្នកធ្វើការប្រមូលសម្អាតសម្បកកំប៉ុង ទើបនៅសល់ក្រោមតុដូច្នេះ។ ២. ចំណែកឯករណីដែលសារព័ត៌មានមួយចំនួនសរសេរថាទៅប្តឹងដល់ប៉ុស្តិ៍មិនមានអ្នកនៅទទួលពាក្យបណ្តឹង គឺមិនពិតនោះ ទេ ជាក់ស្តែងពេលដែលជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅម៉ោងប្រហែល៤ទៀបភ្លឺ គឺមានលោកនាយរងប៉ុស្តិ៍ម្នាក់ និងមន្ត្រីពីរនាក់ទៀតបានសួរនាំរឿងហេតុ និងសរសេរពាក្យបណ្តឹងជូនគាត់ភ្លាមៗផងដែរ ហើយក៏បាននាំជនរងគ្រោះទៅរកកន្លែងកើតហេតុផងដែរ ប៉ុន្តែជនរងគ្រោះគាត់ក៏ចាំមិនច្បាស់ទីតាំងកើតហេតុនោះឡើយ។
សូមបញ្ជាក់ជាថ្មីថា ក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានចុះផ្សាយផងដែរបើសិនជាមានករណីប៉ុស្តិ៍ណាមិនទទួលពាក្យបណ្តឹងរបស់ពលរដ្ឋ អាចខំមិនចូលក្នុងផេក នោះក្រុមការងារនិងចាត់វិធានការភ្លាមៗផងដែរ។
សូមជម្រាបជូនថា ស្រ្តីរងគ្រោះឈ្មោះ រៀង សុធី អាយុ៤១ឆ្នាំ មុខរបរលក់ផ្លែឈើតាមរ៉ឺម៉ក ស្នាក់នៅផ្ទះជួល ភូមិត្រពាំងសិលា ខណ្ឌដង្កោ មានស្រុកកំណើត ខេត្តកំពង់ចាម បានរៀបរាប់ទាំងអួលដើមកថា មុនពេលកើតហេតុ រូបគាត់បើករ៉ឺ ម៉កចេញពីផ្ទះជួល គោលបំណងទៅយកផ្លែឈើនៅផ្សារដើមគរ ដោយធ្វើដំណើរពីលិចទៅលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យ២នាក់ ជិះម៉ូតូធុនធំមួយគ្រឿង មិនចាំស្លាកលេខ ជិះមកពីក្រោយ រួចធ្វើសកម្មភាព ឆក់កាបូបស្ពាយបានសម្រេច។
ស្រ្តីរងគ្រោះ បន្តថា ពួកចោរបានព្យាយាមជិះរត់គេចសំដៅ ទៅតាមផ្សារដើមគរ រូបគាត់ក៏បើករ៉ឺម៉កតាមពីក្រោយ ស្រែកចោរៗតែគ្មាននរណាម្នាក់ អាចជួយគាត់ដេញតាមចោរបាននោះទេ សូមម្បីតែសមត្ថកិច្ចក៏គ្មានម្នាក់ដែរ។ ក្នុងកាបូបមានលុយខ្មែរ និងដុល្លារសរុបជាងមួយពាន់ដុល្លារ ទូរស័ព្ទដៃមួយគ្រឿង កាតគ្រីម៉ូតូមួយ និងអត្តសញ្ញាណប័ណ្ណមួយសន្លឹក។
ក្រោយកើតហេតុ ជនរងគ្រោះបានជិះរ៉ឺម៉កត្រឡប់មកក្រោមស្ពានអាកាសស្ទឹងមានជ័យទាំងអស់សង្ឃឹម និងបានឱ្យក្រុមអ្នកយកព័ត៌មាន ជូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យ២ នឹកស្មានថា បងៗសមត្ថកិច្ចប៉ុស្តិ៍ប្រហែលគាត់ធ្វើការងារអស់កម្លាំងខ្លាំងហើយមើលទៅ បានជាមិនទាន់ចេញល្បាត ពេលមកដល់ បែរជាឃើញបន្សល់វង់ផឹកស៊ីសម្បកស្រាបៀរពាសពេញមុខប៉ុស្តិ៍។
ក្រោយមក សមត្ថកិច្ចបានជួបសាកសួរស្រ្តីរងគ្រោះ ធ្វើពាក្យបណ្ដឹង ដើម្បីស្វែងតាមចាប់ចោរ ។
បើតាម ប្រភពក្បែរៗនោះ បានឱ្យដឹងថា មុខប៉ុស្តិ៍នេះ គឺគេសង្កេតឃើញឧស្សាហ៍មានការជួបជុំផឹកស៊ីណាស់ ប៉ុន្តែមិនដឹងមន្រ្តីណាខ្លះទេ៕ដោយ៖បញ្ញាស័ក្តិ