ភ្នំពេញ-ទោះបីជាក្លាយខ្លួនជាអ្នកជំនួញ ប៉ុន្តែអ្នកនិពន្ធទំនុកភ្លេង លោក ណាំ ប៊ុណ្ណារ័ត្ន នៅតែប្រកាសថាខ្លួននឹងវិលចូលសិល្បៈវិញបន្ទាប់ពីបាត់មុខមួយរយៈ។ ទន្ទឹមនឹងការវិលវិញ អ្នកនិពន្ធវ័យក្មេងរូបនេះ ក៏គ្រោងនឹងចូលមើលរកផលិតកម្មដើម្បីជ្រកកោនផងដែរ។ នេះបើតាមការបញ្ជាក់របស់តារាចម្រៀងណាំ ប៊ុណ្ណារ័ត្ន ប្រាប់ឲ្យដឹងនៅថ្ងៃសម្ពោធសាខាហាងភេសជ្ជៈ ឆបហ៍ឆា កាលពីយប់ថ្ងៃទី១ មករា នៅម្តុំផ្សារបឹងកេងកង ទល់មុខសកលវិទ្យាល័យបញ្ញាសាស្ត្រ។
ជាមួយវត្តមានជាតារាកិត្តិយសនៅថ្ងៃសម្ពោធហាងកាហ្វេ ឆបហ៍ឆា របស់លោក សុខ អាងខូលីន រួមជាមួយនឹង អ្នកស្រី ញឹក ពៅ និងលោកសៀង ហុក ខណៈដែលលោក ណាំ ប៊ុណ្ណារ័ត្ន ក៏ជាម្ខាស់ឆបហ៍ឆា នៅម្តុំទួលសង្កែរផងដែរ។ ចំណែកជំនួញមួយនោះគឺមានពន្លឺគ្រាន់បើជាមួយនឹងមុខរបរសម្រាប់តម្រូវចិត្តយុវវ័យបែបនេះ។ បើទោះជាមុខជំនួញអាចអោយលោកមានចំណូលរឹងមាំដោយលែងពឹងលើអាជីពសិល្បៈ។ លោកថាការចេញបទចម្រៀងឯករាជ្យ គឺមិនមែនជារឿងលំបាកនោះទេ ដោយសារតែលោកគឺជាអ្នកផលិតបទ Original Song ដោយខ្លួនឯងស្រាប់ លក់អោយផលិតកម្មមួយចំនួន និងតារាចម្រៀងមួយចំនួន ប៉ុន្តែមកពីលោកមិនចង់ចេញបទដោយគ្មានផលិតកម្មនៅពីលើទើបលោកមិនខ្វល់ផលិតបទផ្ទាល់ខ្លួន។
លោក សួម វីរ៉ាដេត ម្ចាស់យីហោឆបហ៍ឆា ប្រចាំនៅកម្ពុជាបានអះអាងថា លោកណាំ ប៊ុណ្ណារ័ត្ន មិនមែនជាតារាសិល្បៈតែម្នាក់ដែលបានបើកជំនួញយីហោនេះទេ ដោយអ្នកនិពន្ធ និងជាអ្នកដឹកនាំសម្ដែងល្បីឈ្មោះរបស់ថោន គឺលោក Rith Omega ក៏បើកជំនួញនេះដូចគ្នាផងដែរនៅខេត្តបាត់ដំបង។ លោកថាមកទល់សព្វថ្ងៃយីហោឆបហ៍ឆា មានសាខាកាន់តែច្រើននៅកម្ពុជា ហើយតារាសិល្បៈកាន់តែច្រើនក៏បានដាក់ពាក្យសុំបោះទុនលើមុខជំនួញដូចគ្នា ដែលអាចមកពីមុខជំនួញនេះមិនចំណាយទុនខ្ពស់ដូចបើកហាងកាហ្វេយីហោផ្សេង ហើយទទួលផលចំណេញមិនខុសគ្នា។
លោកសុខ អាងខូលីន បញ្ជាក់ថា ដោយសារតែមើលឃើញពីបទពិសោធន៍របស់ លោកRith Omega និង លោកណាំ ប៊ុណ្ណារ័ត្ន ក្រោយបើកជំនួញឆបហ៍ឆានោះហើយ ទើបលោកសម្រេចចិត្តសហការជាមួយម្ចាស់ផ្ទះនៅជិតផ្សារបឹងកេងកង ដោយបោះទុនបើកជំនួញមួយនេះរួមគ្នា ដោយលោកបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដោយសារតែថ្ងៃបើកហាងរបស់លោកគឺទោះជាចំថ្ងៃចូលឆ្នាំសកលយ៉ាងណា ក៏មានតារាចម្រៀង និងតារាសម្ដែងរបស់ថោនច្រើននាងបង្ហាញខ្លួន៕ ដោយ-គីម ស្រីរ័ត្ន