Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​លីកាដូ​៖ សកម្មជន​ពីររូប​ដែល​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន ពេល​ប្រារព្ធ​ខួប​បី​ឆ្នាំ​របស់​បណ្ឌិត កែម ឡី ត្រូវបាន​តុលាការ​បដិសេធ​សំណើ​នៅក្រៅ​ឃុំ​

​បើតាម​សេចក្តីថ្លែងការណ៍​របស់​អង្គការ​លីកាដូ​នៅ​ថ្ងៃទី​២៥​កក្កដា បាន​ឲ្យ​ដឹងថា ​លោក គង់ រ៉ៃ​យ៉ា និង លោក សួង នាគព័ន្ធ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​សំណើរ​សុំ​នៅក្រៅ​ឃុំ នា​រសៀល​ថ្ងៃ​ពុធ​ថ្ងៃនេះ​។ អ្នក​ទាំងពីរ គឺជា​សកម្មជន​ពីររូប​ត្រូវបាន​ឃាត់ និង​ឃុំខ្លួន​កាលពី​ថ្ងៃទី​៩ និង​១០ ខែកក្កដា​កន្លងទៅ ខណៈពេលដែល​អ្នក​ទាំង​ពីរ​ប្រារព្ធ​ពិធី​រំលឹក​ខួប​នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត កែម ឡី ។​

​អ្នក​ទាំងពីរ ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​បាន​អនុវត្ត​សិ​ទិ្ធ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​ខ្លួន ហើយ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​។ រ៉ៃ​យ៉ា ដែលមាន​អាយុ ២៨ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៩ បន្ទាប់ពី​លោក បាន​បង្ហោះ​សារ​នៅក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក លក់​អាវយឺត​ដែលមាន​រូបលោក​បណ្ឌិត កែម ឡី និង​បង្ហោះ​លេខ​ទូរស័ព្ទ​របស់​អ្នករត់ម៉ូតូឌុប ដែល​នឹង​ដឹកជញ្ជូន​ពលរដ្ឋ​ណា​ដែលមាន​បំណង​ទៅ​ចូលរួម​រំលឹក​ខួប​នៃ​ការបាញ់សម្លាប់​លោក​បណ្ឌិត​។ នាគព័ន្ធ ដែលមាន​អាយុ ២៩ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅក្រៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល​តិច​សាខា​បូកគោ មួយថ្ងៃ​ក្រោយ ការចាប់ខ្លួន រ៉ៃ​យ៉ា​។ ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល​តិច​សាខា​បូកគោ គឺជា​កន្លែង​ដែល​លោក​បណ្ឌិត កែម ឡី ត្រូវបាន​គេ​បាញ់សម្លាប់ កាលពី​បី​ឆ្នាំមុន​។ នាគព័ន្ធ ដែលជា​អតីត​សមាជិក​ម្នាក់​នៃ​ក្រុមយុវជន​បណ្ឌិត​កែម​ឡី បាន​កាន់​ក្រដាស​មួយ​សន្លឹក​ដែលមាន​សរសេរថា “​បញ្ឈប់​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធតុលាការ​” នៅមុន​ពេល​មានការ​ចាប់ខ្លួន​របស់​លោក​។​

​តាម​មតិ​សាធារណជន និង​សង្គម​ស៊ីវិល អ្នក​ទាំង​ពីររូប មិនគួរ​ត្រូវបាន​ចាប់ និង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ដោយ​គ្រាន់តែ​អនុវត្តន៍​នូវ​សិ​ទិ្ធ​សេរីភាព​នៃ​ការបញ្ចេញមតិ​របស់ខ្លួន​ឡើយ ដែល​សេរីភាព​ទាំងនេះ ត្រូវបាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អនុសញ្ញា​អន្តរជាតិ​ដែល​កម្ពុជា​បានផ្តល់​សច្ចាប័ន​។​

​ដូច​ទៅនឹង​ការអំពាវនាវ​របស់​ក្រុម​សង្គម​ស៊ីវិល​ទាំង ៨៧ ស្ថាប័ន អង្គការ លីកាដូ សូម​ធ្វើការ​លើកឡើង​ជាថ្មី​ម្តងទៀត ដោយ​សំណូមពរ​យ៉ាងទទូច​ដ​ល់​អាជ្ញាធរ​កម្ពុជា សូមមេត្តា​ដោះលែង​អ្នក​ទាំងពីរ និង​លើកចោល​ការចោទប្រកាន់​មកលើ​អ្នក​ទាំងពីរ​៕​ ដោយ ៖ បញ្ញាស័ក្តិ

×