លោកស្រីម៉ារៀ សាហ្គ្រេន បានបញ្ជាក់ថា ប្រទេសស៊ុយអ៊ែត បានចូលរួមចំណែកក្នុងការអភិវឌ្ឍកម្ពុជានៅលើវិស័យជាច្រើនក្នុងនោះមានវិស័យបរិស្ថាន ដែលផ្តោតលើការអប់រំ ការអភិវឌ្ឍសហគមន៍ ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព។
លោកស្រីម៉ារៀ សាហ្គ្រេន (H.E. Ms. Maria Sargren) ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសស៊ុតអែតប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងវិស័យបរិស្ថាន។ ការសម្តែងការអបអរសាទរនេះ បានធ្វើឡើងនៅក្នុងឱកាសដែល លោកស្រីឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការក្រសួងបរិស្ថាន។
លោកស្រី បានបន្ថែមថា នៅក្នុងបេសកកម្មការទូតជិត ៤ឆ្នាំនៅកម្ពុជា លោកជំទាវ មានក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានបំពេញការងារ និងសហប្រតិបត្តិការលើវិស័យបរិស្ថាន ក៏ដូចជាការចូលរួមពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ស៊ុយអែត។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រទេសស៊ុយអ៊ែត ដែលបានជួយគាំទ្រដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសការចូលរួមអភិវឌ្ឍជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថានក៏បានរៀបចំតាក់តែងក្រមបរិស្ថាន ដែលនឹងបញ្ចប់នាអនាគតខាងមុខ។ លោករដ្ឋមន្ត្រី បានលើកឡើងថា ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា មានរយៈពេលជាង២០ឆ្នាំមកហើយ ដោយកក្តាសំខាន់គឺសុខសន្តិភាព ហើយសុខសន្តិភាពនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន មានការគិតគូរខ្ពស់ជាងមុន និងការចូលរួមលើវិស័យបរិស្ថានកាន់តែផុសផុលជាលំដាប់។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថាក្នុងអាណត្តិកន្លងទៅក្រសួងបរិស្ថានសម្រេចបាននូវការធ្វើទំនើបកម្មស្ថាប័ន ដូចជាបានកែសម្រួលរចនាសម្ព័ន្ធគ្រប់គ្រង ដើម្បីឆ្លើយតបទៅនឹងវិសាលភាពការងារ នៃបរិបទសង្គមកម្ពុជា និងពិភពលោក ជាពិសេសការអនុវត្តនូវកំណែទម្រង់រដ្ឋបាលសាធារណៈ និងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ កិច្ចគាំពារបរិស្ថាន ការពង្រឹងអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងការងារជំនាញបច្ចេកទេស។ នៅក្នុងអាណ្តិថ្មីនេះ ក្រសួងបរិស្ថានបានបន្តដាក់ចេញនូវគោលនយោបាយកំណែទម្រង់ទៅជាប្រព័ន្ធរដ្ឋបាលទំនើប លើកម្ពស់គុណតម្លៃមន្ត្រីរាជការ ការអភិវឌ្ឍសមត្ថភាព ដើម្បីឱ្យពលរដ្ឋមានការគិតគូរវិជ្ជមាន និងបរិស្ថានរស់នៅល្អប្រសើរ។ នៅក្នុងផែនការនេះ ក្រសួងបរិស្ថាននឹងបន្តពង្រឹងជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងតំបន់ការពារធម្មជាតិ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដែលរួមចំណែកកាន់តែប្រសើក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។
លោកសាយ សំអាល់ បានបង្ហាញផងដែរពីគម្រោងពង្រឹង សមត្ថភាពជំនាញ ក្នុងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ លើវិស័យអាទិភាព ដូចជាការអភិវឌ្ឍកសិកម្ម ការអភិវឌ្ឍវិស័យសុខាភិបាល ជាដើម តាមរយៈការបណ្តុះបណ្តាល ការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ក្រុមអ្នកស្រាវជ្រាវ និងមន្ត្រីក្រសួងបរិស្ថាន។ បន្ថែមពីនេះ លោករដ្ឋមន្ត្រី សាយ សំអាល់ បានចាត់ទុកប្រទេសស៊ុយអែត គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា។
បេសកកម្មលោកជំទាវ ម៉ារៀ សាហ្គ្រេន មានទំនាក់ទំនងល្អជាមួយកម្ពុជា ហើយសង្ឃឹមថាលោជំទាវនឹងផ្សព្វផ្សាយ លើកទឹកចិត្តដល់ការគាំទ្រដល់វិស័យបរិស្ថាជាមួយកម្ពុជាបន្តទៀត៕ ដោយ៖កូឡាប