កំពង់ស្ពឺ៖ ទឹកដីខេត្តកំពង់ស្ពឺ មិនមែនជាទីកន្លែងស្ងប់សុខសម្រាប់ឧក្រិដ្ឋជនប្រព្រឹត្តនូវបទល្មើសឡើយ ។ គណៈកម្មការបង្ក្រាបបទល្មើសថ្នាក់ជាតិ បានឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវនិងរុករក វត្ថុតាង បទល្មើសព្រៃឈើ ដែលបានរត់គេចពីទឹកដីនៃខេត្តពោធិសាត់ មកលាក់ក្នុងភូមសាស្ត្រភូមិច្រកទាក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកម្លាំងបានរកឃើញឡានប៉ាកុងចំនួន ០៦គ្រឿង និងរង់ចាំជំនាញកាត់ជាកំណាត់ៗ រួចធ្វើការដុតបំផ្លាញចោលនៅថ្ងៃនេះ ។
នារសៀលថ្ងៃច័ន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបរថយន្តច្នៃ(ប៉ាកុង)ចំនួុន ០៦គ្រឿង ដែលក្រុមឈ្មួុញប្រព្រឹត្តបទល្មើសព្រៃឈើនៅតំបន់ខេត្តពោធិ៍សាត់ បើកយកមកលាក់ទុក នៅចំណុចនិយាមកា 405145-1303450 ស្ថិតក្នុងទីតាំងចំការក្រូចមួយកន្លែងស្ថិតក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។
វត្ថុតាងរថយន្តច្នៃ(ប៉ាកុង)ចំនួន ០៦គ្រឿងខាងលើត្រូវរង់ចាំក្រុមការងារជំនាញ ដុត និងកាត់កម្ទេចចោល របស់គណៈកម្មការបង្ក្រាបបទល្មើសថ្នាក់ជាតិ នឹងមកធ្វើការដុតបំផ្លាញចោលនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩។
យោងទៅតាមសំណេរ Facebook ផ្ទាល់របស់លោក វ៉ី សំណាង អភិបាលខេត្ត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទឹកដីខេត្តកំពង់ស្ពឺ មិនមែនជាទីកន្លែងស្ងប់សុខសម្រាប់ឧក្រិដ្ឋជនប្រព្រឹត្តនូវបទល្មើសឡើយ៕ ដោយ៖កូឡាប