ភ្នំពេញ ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំចខ្លួនជនត្រូវចោទរូបនេះនៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន (ម១) បន្ទាប់ពីបុរសម្នាក់ ឆរបោកប្រាក់ពីប្រជាពលរដ្ឋ សរុបអស់ប្រមាណ ៣០ លាន ដុល្លារ សហរដ្ឋអាមេរិក ក្រោមរូបភាពដាក់ប្រាក់ វិនិយោគទិញភាគហ៊ុន (Forex Trading) នឹងទទួលបាន ផល ចំណេញច្រើនត្រឡប់មកវិញ។
សូមជម្រាបថា លោក ឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដែលដឹកនាំ ប្រតិបត្តិការនេះ បានបញ្ជាក់ថា ជនត្រូវចោទមានឈ្មោះ ឈឺ យ៉ារី អាយុ៣៤ឆ្នាំ ត្រូវបានបញ្ជូនទៅតុលាការនៅ ថ្ងៃនេះ ក្រោយ ចាប់ខ្លួនបានកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ។
ជនសង្ស័យខាងលើ បានប្រើល្បិចបញ្ចុះបញ្ចូល ឲ្យជនរងគ្រោះជាច្រើន នាក់ ដាក់ប្រាក់វិនិយោគ លើការជួញដូររូបិយប័ណ្ណ អន្ដរជាតិ (Forex Trading) ដោយអះអាងថានឹង ទទួលបានប្រាក់ ចំណេញខ្ពស់។ ប៉ុន្ដែក្រោយមកជនសង្ស័យ បានយកប្រាក់ ហើយគេចខ្លួនបាត់ ទើបជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹងជាបន្ដបន្ទាប់។
លោកអនុប្រធាននាយកដ្ឋាន ក្រោយទទួលបាន ពាក្យបណ្ដឹងកម្លាំងជំនាញ បានបើកការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ រហូតកំណត់អត្តសញ្ញាណ ជនសង្ស័យ ខាងលើដែលបានគេចខ្លួន ទៅដល់ខេត្តព្រះសីហនុ ហើយក៏ត្រូវ សមត្ថកិច្ចចាប់ខ្លួនបានតែម្ដង ទើបបានបញ្ជូនមកសួរនាំនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ។
លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩នេះ ជនសង្ស័យឈ្មោះ ឈឺ យ៉ារី អាយុ៣៤ឆ្នាំ ត្រូវបានបញ្ជូនទៅតុលាការនៅថ្ងៃទី៣០ ខែកក្កដា ៕ ដោយ៖កូឡាប