ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ ជាពិសេសអ្នកធ្វើដំណើរ បានបន្តរិះគន់ ទៅលើថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ មួយចំនួន នៃរដ្ឋបាលខេត្តព្រះសីហនុ រួមមាន៖ កម្លាំងកងរាជអាវុធហត្ថខេត្ត, នគរបាលចរាចរណ៍ នៃស្នងការរដ្ឋាននគរបាល ខេត្តព្រះសីហនុ ជាពិសេស អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដែលមិនមានលទ្ធភាព អាចជួយទប់ស្កាត់ ឬបញ្ចៀសចរាចរណ៍កកស្ទះ ដែលតែងកើតមានជារៀងរាល់យប់ថ្ងៃ នៅតាមផ្លូវនានា ក្នុងទីប្រជុំជនក្រុងព្រះសីហនុ ឲ្យបានប្រសើរជាងរាល់ថ្ងៃនេះទេ។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋភាគច្រើន សម្រែងការខកចិត្ត ចំពោះថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធមួយចំនួន ជាពិសេសថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ដែលអសមត្ថភាព ព្រោះសូម្បីតែ ចរាចរណ៍កកស្ទះ តាមផ្លូវនានាក្នុងក្រុងព្រះសីហនុ ក៏មិនមានលទ្ធភាព ជួយដោះស្រាយជូនប្រជាពលរដ្ឋបាននោះ។
ប្រជាពលរដ្ឋខ្លះ បានរិះគន់ ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងទីបញ្ជាការកងរាជអាវុធហត្ថខេត្តនេះជាដើម ថាហាក់មិនបានរួមសហការគ្នា បញ្ចៀសចរាចរណ៍កកស្ទះ នាទីប្រជុំជនក្មុងក្រុងព្រះសីហនុ ឲ្យអស់ពីកម្លាំងកាយចិត្តទេ។
ទន្ទឹមគ្នានេះដែរ ចំពោះមន្ត្រីនគរបាលនៅតាមប៉ុស្តិ៍រដ្ឋបាលសង្កាត់នីមួយៗ និងមន្ត្រីនគរបាល នៃអធិការក្រុងព្រះសីហនុជាដើម ក៏ហាក់មិនសូវរវល់អើពើ ចុះតាមគោលដៅនានា ដើម្បីជួយធ្វើចរាចរណ៍ នៅតាមបណ្តាទីតាំង ដែលតែងមានចរាចរណ៍កកស្ទះរាល់ថ្ងៃ ក៏មិនមានច្រើនដែរ។
បញ្ហាចរាចរណ៍កកស្ទះនាទីប្រជុំជនក្រុងព្រះសីហនុ រាល់ថ្ងៃនេះ មិនថា ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុនោះទេ ដែលរអ៊ូរទាំរឿងនេះ គឺមានន័យថា នរណាៗ ក៏រអ៊ូរទាំ និងរិះគន់ចរាចរណ៍កកស្ទះនេះដែរ។ ព្រោះថា ការកកស្ទះនេះ គឺមិនថា ពេលព្រឹក , ពេលថ្ងៃត្រង់, ពេលរសៀល ឬពេលយប់ព្រលប់, ថ្ងៃដលមសប្តាហ៍ ឬថ្ងៃចុងសប្តាហ៍នោះទេ គឺ ការកកស្ទះចរាចរណ៍នេះ បានកើតមានរាល់ថ្ងៃតែម្តង..៕ ដោយ៖ ដែន សីមា