ខេត្តកំពត៖ ស្នងការរងនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ វានឲ្យប្រព័ន្ធផ្សព្វផ្សាយដឹងថា ករណីអគ្គិភ័យឆេះផ្សារសាមគ្គីត្រពាំងរពៅ ស្ថិតក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត កាលពីម៉ោងជាង៧យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចលោក បានចេញប្រតិបត្តិការពន្លត់ភ្លើងឆេះផ្សារនេះ រហូតដល់ម៉ោងជាង២ រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ទើបរលត់ឃាស្ដាពរ។
លោកបន្តថា កិច្ចអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ កម្លាំងនគរបានប្រើទឹកបាញ់ពន្លត់ជិត ៥០រថយន្ត ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត និងមានកិច្ចសហការពីរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាល ស្រុកព្រៃនប់ផង។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បញ្ជាក់ថា អគ្គិភ័យឆេះផ្សារសាមគ្គីត្រពាំងរពៅ កាលពីយប់មិញនេះ បានឆេះបំផ្លាញតូបលក់ដូរ របស់អាជីវករអស់ចំនួន១៤៧តូប ក្នុងចំណោមតូបលក់ដូរក្នុងផ្សារនេះសរុប ១៨៧តូប។
យ៉ាងណាក៏ដោយចុះ រហូតមកដល់ពេលនេះ សមត្ថកិច្ចនគរបាលខេត្តកំពត នៅមិនទាន់ដឹងពីមូលហេតុ នៃអគ្គិភ័យឆាបឆេះផ្សារខាងលើនេះ តើបណ្តាលមកពីមូលហេតុអ្វីនោះទេ។ ជាងនេះទៀត សមត្ថកិច្ច ក៏នៅមិនទាន់ប្រមូលបានរបាយការណ៍សរុប នៃទំហំទឹកប្រាក់ ឬសម្ភារៈ របស់ក្រុមអាជីវករផ្សារសាមមគ្គីត្រពាំងរពៅដែលខាតបង់នោះ មានចំនួនប៉ុន្មានឲ្យពិតប្រាកដនៅឡើយដែរ៕ ដោយ៖ ដែន សីមា