ខេត្តព្រះសីហនុ៖ កាលពីល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារមានអគារកម្ពស់៩ជាន់ មួយកន្លែង មានទីតាំងនៅតាមផ្លូវឯករាជ្យ ក្បែររង្វង់មូលតោពីរ ស្ថិតក្នុងក្រុងព្រះសីហនុ បានប្រេះតួអគារនៅជាន់ផ្ទាល់ដី។
ភ្លាមៗ ក្រោយកើតមានការភ្ញាក់ផ្អើលនេះ មន្ត្រីជំនាញ នៃរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរមូលដ្ឋាន ក៏បានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងអគារប្រេះបែកនោះ ដើម្បីពិនិត្យរកការពិត។
យ៉ាងណាក៏ដោយចុះ ភ្លាមៗនោះ មន្ត្រីជំនាញ នៃរដ្ឋបាលខេត្តព្រះសីហនុ មិនទាន់បង្ហាញឈ្មោះអគារ និងលទ្ធផល នៃការចុះពិនិត្យអគារប្រេះថាបែបណានោះទេ។ ហើយហាក់មិនចង់ឲ្យរឿង ប្រេះអគារខាងលើនេះ លេចចេញព័ត៌មានទៅខាងក្រៅជាសាធារណៈទេ។
ទោះជាបែបនេះក្តី ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានសំណូមពរដល់មន្ត្រីជំនាញ នៃរដ្ឋបាលខេត្តព្រះសីហនុ ឲ្យបង្ហាញលទ្ធផល ដែលជំនាញបានចុះពិនិត្យអគារប្រេះ មានទីតាំងនៅម្តុំជិតតោពីរ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងជាសាធរណៈផង។
ទាក់ទិនបញ្ហានេះ មន្ត្រីរដ្ឋបាលសាលាក្រុង-ខេត្តព្រះសីហនុ ស្នើមិនបង្ហាញឈ្មោះ បានទទួលស្គាល់ថា ពិតជាមានករណីមានអគារប្រេះនៅជាន់ផ្ទាល់ដី បានកើតឡើងពិតមែន។ ហើយថា អគារប្រេះមានកម្ពស់ជិតដប់ជាន់ខាងលើនេះ មានថៅកែជាជនជាតិចិន។ ហើយថា អគារប្រេះ បង្កការភ្ញាក់ផ្អើលនេះ មានស្លាកយីហោ “ផ្ទះនាគ” កម្ពស់ ៩ជាន់។
ការភ្ញាក់ផ្អើលនេះ បើយោងតាមគណនីហ្វេសប៊ុក “កូនខ្លាចតូច” បានបង្ហោះសារសុំឲ្យអាជ្ញាធរ ចុះត្រួតពិនិត្យ អគារប្រេះបែកនោះ ឲ្យបានឆាប់ផង។
បន្ថែមលើនេះ ក៏មានប្រជាពលរដ្ឋផ្ញើសារមកថា អគារធំស្កឹមស្កៃ មានកំពស់ ៩ជាន់ យីហោ “ផ្ទះនាគ” នៅជិតរង្វង់មូលតោពីរនេះ កំពុងចាប់ផ្តើមប្រេះជាបណ្តើរៗ គួរឲ្យព្រួយបារម្ភពីសុវត្ថិភាពជាទីបំផុត..។
ត្រង់ចំណុចនេះ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បានសំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ និងមន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ជួយបញ្ជូនមន្ត្រីបច្ចេកទេសចុះពិនិត្យអគារប្រេះបែក នៅជាន់ផ្ទាល់ដី មានទីតាំងស្ថិតនៅម្តុំតោពីរ ក្រុងព្រះសីហនុ ឲ្យបានឆាប់។ ជាពិសេសជាងនេះ ក៏ស្នើឲ្យជួយផ្សព្វផ្សាយលទ្ធផល ដែលបានមកពីការចុះត្រួតពិនិត្យបច្ចេកទេស សំណង់អគារប្រេះនោះ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងជាសាធារណៈផងដែរ៕ ដោយ៖ ដែន សីមា