ខេត្តស្វាយរៀង៖ ស្ត្រីជាកម្មករសំណង់ម្នាក់ បានរងរបួសបាក់ភ្លៅខាងស្តាំ ពេលដែលកំពុងជិះម៉ូតូត្រូវដើមចន្ទគីរី រលំសង្កត់ពីលើតែម្តង។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ នៅលើផ្លូវបែកជាបួនទល់មុខក្លោងទ្វារវត្តសន្តិភាព ហៅខ្លាហើរ ស្ថិតក្នុងភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។
បើតាមស្ត្រីរងគ្រោះឈ្មោះ គយ រុំ អាយុ ៥៥ឆ្នាំមានទីលំនៅភូមិ ថ្ម ស ឃុំ ស្វាយជ្រំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា៖ នៅមុនពេលកើតហេតុរូបគាត់ និងប្អូនស្រីបង្កើត បានជិះម៉ូតូចេញពីផ្ទះទៅធ្វើសំណង់។
ប្រភពបានបន្តទៀតថា៖ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានដើមចន្ទគីរីមួយដើម បានបាក់រលំសង្កត់ពីលើតែម្តង ហើយរូបគាត់ជាជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង៕ ដោយ៖វ៉ៃកូ