ភ្នំពេញ-ក្នុងពិធីជួបជុំជាមួយបងប្អូនពលករធ្វើការនៅប្រទេសកូរ៉េ មួយនៅក្នុងដើម ឆ្នាំ២០១៨នេះ លោក ឡេង ណាវ៉ាត់ត្រា
ចាងហ្វាងផលិតកម្ម Galaxy បានប្រកាសថា លោកនឹងផ្តល់ជំនួយជាទឹក ២៥លានវ៉ុន ដែលគិតជាប្រាក់រៀលប្រមាណ១០០លានរៀល ដល់សមាគមន៍ខ្មែរនៅកូរ៉េ និងព្រមទាំងផ្តល់ឱកាសការងារជាតារាសិល្បៈចម្រៀង ដល់ពួកគេ ប្រសិនបើមានសមត្ថភាពទឹកដមសំលេងល្អ ពេលដែលអស់អាណត្តិធ្វើការនៅប្រទេសកូរ៉េ។
លោក ឡេង ណាវ៉ាត់ត្រា បានឲ្យដឹងថា សមាគមន៍ដែលលោកប្រកាសជួយ នោះនឹងងាយស្រួលចាត់ចែងការងារជួយដល់ពលករកម្ពុជា
នៅពេលដែលពលករទាំងនោះ បញ្ចប់ការងារនៅក្នុងប្រទេសកូរ៉េ ដោយលោកប្រកាសថា ជំនួយដែលនឹងផ្ដល់ជូននេះ មិនមែនជាទីបញ្ចប់នោះទេ គឺអាចនឹងមានជាបន្តបន្ទាប់ទៀត ដើម្បីឲ្យលោក និងក្រុមពលករនៅក្នុងប្រទេសកូរ៉េកាន់តែមានទំនាក់ទំនងគ្នា។
លោក បានបញ្ជាក់ថានៅពីក្រោយការបង្ហោះ របស់ពលករខ្មែរជាច្រើន នៅក្រោយជំនួបនោះថា លោកពិតជាផ្ដល់ទឹកប្រាក់ដ៏ច្រើនក្នុងចំនួននោះ ដល់សមាគមន៍ខ្មែរ ដែលមានទីស្នាក់ការនៅក្នុងប្រទេសកូរ៉េមែន ដោយលោកនឹងផ្ដល់ថវិកា ក្នុងចំនួន២៥លានវ៉ុន ឬជាង២៥០០០ដុល្លារ នៅថ្ងៃអាទិត្យទី៧ មករានេះ៕ ដោយ-គីម ស្រីរ័ត្ន