(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ លីនណា បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនជាប់ចោទម្នាក់ ដែលធ្វើសកម្មភាពដើរបោកប្រាស់ប្រជាពលរដ្ឋ យកបានប្រាក់ប្រមាណជាង ៣៧ម៉ឺនដុល្លារអាមេរិក រឿងរត់ការចូលក្របខ័ណ្ឌរដ្ឋ ដាក់ពន្ធនាការជាបណ្ដោះអាសន្ននៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ចៅក្រមស៊ើបសួរ លោក ស៊ លីណា បានសម្រេចចោទប្រកាន់បុគ្គល សេក សុខជា ពីបទ ឆបោក ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្ដិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទ ត្រូវបានកងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តាមស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួន នៅល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។
លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ សេក សុខជា បានប្រើល្បិចបោកប្រាស់ប្រជាពលរដ្ឋថា ខ្លួនស្គាល់អ្នកធំនៅតាមក្រសួង ហើយលួងលោមឲ្យជនរងគ្រោះទុកចិត្ត ទើបជនរងគ្រោះបានប្រគល់លុយ ឲ្យជាបន្ដបន្ទាប់ ប្រមាណ៣៧៨.៥០០ដុល្លារ។ បន្ទាប់ពីបានទទួលលុយរួចមក ជនសង្ស័យឈ្មោះ សេក សុខជា មិនបានរត់ការអ្វីនោះទេ ហើយថែមទាំងភូតកុហកជនរងគ្រោះដើម្បីគេចវេះ៕ ដោយ៖បញ្ញាស័ក្តិ