កណ្ដាល៖ ប៉ូលិសស្រុកកៀនស្វាយបាន បង្ក្រាបបនល្បែងសុីសងជល់មាន់មួយកន្លែង នៅចំណុចដីចំការស្វាយមិនស្គាល់ម្ចាស់(ម្ចាស់ដីនៅភ្នំពេញ)ស្ថិតនៅភូមិឈើទាល២ ឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៨ខែីហាឆ្នាំ២០១៩នេះ ដោយចាប់អ្នកលេងមាន់២នាក់ និងវត្ថុតាងមួយចំនួន។

លោកអធិការប៉ូលិសស្រុកកៀនស្វាយ ព្រុំ សំណាង បានឲ្យដឹងទៀតថា ចំពោះជនសង្ស័យ ចំនួន០២នាក់ ៖ ១-ឈ្មោះ សឿ ធី ហៅជ្រូក ភេទប្រុសអាយុ២៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅ ភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ កម្មករ(ឃាត់ខ្លួន ) និងទី២-ឈ្មោះ ប៉ាន ប៉ុង ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើតនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ ជាមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀន (ឃាត់ខ្លួន) ។
ចំពោះវត្ថុតាងចាប់យករួមមាន មាន់ឈ្មោលចំនួន២ក្បាល កន្ក្រកដាក់មាន់ចំនួន២ ស្កត់រំជើងមាន់ចំនួន២ដុំ ខ្នាយដែកមួយចំហៀង ម៉ូតូចំនួន២គ្រឿង ម៉ាកហុងដា C ១២៥ ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ផ្លាកលេខកណ្តាល 1Y7037 នឹងមួយគ្រឿងទៀត ម៉ាកហុងដា C ១២៥ ស៊េរី ឆ្នាំ ២០១៩ ពណ៌ខ្មៅ។
លោកព្រុំ សំណាង បានឲ្យដឹងទៀតថា នៅថ្ងៃខែឆ្នាំខាងលើនោះកម្លាំងនគរបាលប៉ុស្តិ៍ឈើទាលបានធ្វើការដើរល្បាតតាមភូមិសាស្ត្រនៅក្នុងឃុំ ពេលមកដល់កន្លែងចំការស្វាយមួយកន្លែង នៅក្នុងភូមិឈើទាល២ ឃុំឈើទាល ក៏ប្រទះឃើញមនុស្សមួយក្រុមកំពុងតែនាំគ្នាលេងជល់មាន់ ស៊ីសងដាក់លុយ ហើយពេលឃើញកម្លាំងនគរបាលប៉ុស្តិ៍ ក្រុមពួកជល់មាន់ក៏នាំគ្នារត់បែកហ្វូង គ្នាប្រសាច ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ បានចុះទៅដេញចាប់បានមនុស្ស២នាក់ រួមទាំងវត្ថុតាងមួយចំនួន យកមកប៉ុស្តិ៍ដើម្បីសួរនាំ ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះសឿ ធី បានសារភាពថា នៅថ្ងៃខែឆ្នាំនិងពេលវេលាដូចខាងលើខ្លួនកំពុងធ្វើរោងបុណ្យ៧ថ្ងៃនៅចំណុចភូមិឃុំកើតហេតុឃើញគេស្ពាយកន្ត្រកមាន់ចូលទៅចំការស្វាយ ក៏ឈប់ធ្វើរោងបុ
ណ្យយកម៉ូតូប្អូនជិះទៅមើលគេជល់មាន់ ។ ចំណែកឈ្មោះប៉ាន ប៉ុង បានយកមាន់ពីផ្ទះទៅជល់ជាមួយនឹងគេដែរ ហើយឈ្មោះប៉ាន ប៉ុង ក៏បានសារភាពថា កន្លងមកខ្លួនពិតជាធ្លាប់បានប្រើប្រាស់សារធាតុញៀននឹងធ្លាប់ទទូលសារធាតុញៀនពីឈ្មោះ សាល នៅភូមិព្រែក ជ័រឃុំស្វាយប្រទាល ស្រុកស្អាង យកចែកចាយឲ្យអ្នកប្រើប្រាស់ដែរ។
ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាល ដើម្បីបន្តចាត់ការតាមច្បាប់៕ ដោយ៖បញ្ញាស័ក្តិ


