Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចម្រុះ​សម្រេច​បិទ​ទីតាំង​ផលិត​នំប៉័ង​នៅ​ស្រុក​ប្រាសាទបាគង បន្ទាប់ពី​មាន​អ្នកភូមិ​ចំ​៣៧​នាក់​បាន​ពុល​

​សៀមរាប ៖ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែសីហា​នេះ​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្តសៀមរាប បានសម្រេច​បិទ​ទីតាំង​អាជីវកម្ម ផលិត នំប៉័ង​នៅ​ស្រុក​ប្រាសាទបាគង បណ្តោះអាសន្ន​សិន បន្ទាប់ពី​មាន​អ្នកភូមិ​ចំ​៣៧​នាក់​នៃ​ស្រុក​ចំនួន​២​នៃ​ខេត្តសៀមរាប បាន​ពុល​នំ​បុ័ង​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​១៧ ខែសីហា​ឆ្នាំ​២០១៩ នៅ​ភូមិ​កន្ទ្រាំ​ង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែលមាន​សមាស​សភាព​ចូលរួម​មានដូចជា​៖​មន្ត្រី​មន្ទីរ​សុខាភិបាល​,​មន្ត្រី​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​, នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ផងដែរ​។​

​នគរបាល​ស្រុក​បន្ទាយស្រី​បាន​ឲ្យ​ដឹងថា ករណីនេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩​ថា​នេះ មាន​ករណី​ប្រជាពលរដ្ឋ​ចំនួន​០៨​នាក់ រស់នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី បាន​ពុល​នំប៉័ង ហើយ​ត្រូវបាន​ក្រុមគ្រួសារ​យកមក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុន​រាម និង បាន​ធូរស្បើយ​ខ្លះ​អស់ហើយ ប៉ុន្តែ​នៅ​សម្រាក​មួយ​យប់​ទៀត​ដើម្បី​តាមដាន​បន្ថែមទៀត​។​

​នគរបាល​ស្រុក​ប្រាសាទបាគង​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ កន្លងទៅ​ថ្មីៗ​នេះ ក៏មាន​ករណី​ពុល​នំ​បុ័ង​ដូចគ្នានេះដែរ នៅ​ចំណុច​សាលាបឋមសិក្សា​កំពង់​ភ្លុក ស្ថិត​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង​ខេត្ត សៀមរាប បណ្ដាល​ឲ្យ​ពុល​ក្មេងៗ​សិស្សសាលា​ចំនួន​២៩​នាក់ ក្នុងនោះ​ស្រី​២២​នាក់ ដែលមាន​អាយុ​ក្រោម​១០​ឆ្នាំ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ដោយ​គ្រាន់តែ​ក្អួត និង​រាករូស ។​

​មន្ត្រី​សុខាភិបាល​បាន​ឲ្យ​ដឹងថា ការពុល​នំប៉័ង មិនមែន​ដោយ​ជាតិគីមី​ទេ គឺ​ដោយសារតែ​ភាពមិន​ស្អាត​ដែលមាន​ប៊័រ ឬ​សាច់​ផ្អូម ផ្ទុកមេរោគ ។ ពីព្រោះថា ក្រោយ​ការទទួល​ទាន​នំប៉័ង លាប​ប៊័រ ដាក់​សាច់ ដែល​ដើរ​លក់​តាម​ភូមិ​ស្រុក រួចហើយ ក្នុង​រយះពេល​៥-៧ ម៉ោង​ក្រោយ​បានចាប់ផ្តើម ឈឺពោះ ក្អួត​រាគ ដោយសារ​ឥទ្ធិពល​នៃ Toxin មេរោគ​។ ក្រោយពី​ព្យាបាល​ដោយ​ការ​បង្គ្រប់​ជាតិ​ទឹក ថ្នាំ​បំបាត់​រាគ បំបាត់​ឈឺពោះ បន្សាប​ជាតិ Toxin នៃ​មេរោគ អ្នកជំងឺ​នឹង​ធូរស្រាល​វិញ​។ មន្ត្រី​បញ្ជាក់​បន្ថែមទៀតថា ប្រសិនបើ​ពុល​ដោយសារ​មាន​ជាតិគីមី​វិញ គឺ​អ្នកជំងឺ​មាន អាការៈរោគ​សញ្ញា​ភ្លាមៗ និង​មាន​កម្រិត​ធ្ងន់ធ្ងរ​។​

​ជាមួយគ្នានេះ​អាជ្ញាធរ សូម​ស្នើ​ដល់​អ្នក​ប្រកប​អាជីវកម្ម​ទាំងអស់ ពិសេស​ទំនិញ​ដែលជា​ម្ហូបអាហារ គឺ​ត្រូវ​សុំច្បាប់​អនុញ្ញាត និង​បំពេញ​កាតព្វកិច្ច​នានា​ពី​គ្រប់​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ធានាថា​ទីតាំង​ផលិត ក៏ដូចជា​ទំនិញ​ដែល​ដាក់លក់​មាន​សុវត្ថិភាព សុពលភាព និង​គុណភាព​សម្រាប់​អ្នកប្រើប្រាស់​។​

​សមត្ថកិច្ច​បញ្ជាក់ទៀតថា បច្ចុប្បន្ន​ទីតាំង​សិប្បកម្ម ផលិត​នំ​បុ័ង​និង​នំ​ផ្អែម​របស់​ឈ្មោះ​ស សេរី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ដែល​ពុះ​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ​នេះ ត្រូវ​សមត្ថកិច្ច​ចម្រុះ​សម្រេច​បិទ​ជា​បណ្តោះអាសន្ន​សិន​។​

​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បញ្ជាក់ថា ករណី​ពុល​នំ​បុ័ង​នៅ​ស្រុក​បន្ទាយស្រី និង នៅ​ស្រុក​ប្រាសាទបាគង ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់ មាន​អាការៈ​ក្អួត និង​រាករូស​នោះ គឺ​ដោយសារតែ​នំ​គ្មាន​អនាម័យ។​

​លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប មានប្រសាសន៍ថា ករណី​ពុល​នំ​បុ័ង ដែល​បាន​កើតឡើង​នៅក្នុង​ស្រុក​បន្ទាយស្រី និង នៅ​ស្រុក​ប្រាសាទបាគង កាលពីពេល​ថ្មីៗ​នេះ ហើយ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​៣៧​នាក់ ភាគច្រើន​ជា​កុមារ មាន​អាការៈក្អួត និង​រាករូស និង បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅតាម​មណ្ឌល​សុខភាព​នោះ គឺ​ដោយសារតែ​ការផលិត​នំ​គ្មាន​អនាម័យ ឬក៏​នំ​នោះ​មាន​លក្ខណៈ​ផ្អូម មិនមែន​ដោយសារ​នំ​នោះ​មាន​លាយ​សារធាតុ​គីមី​ឡើយ ។​

​លោក ក្រុស សារ៉ាត់ មានប្រសាសន៍​បន្ថែមថា ការផលិត​នំ​ដែល​គ្មាន​អនាម័យ ឬក៏​នំ​មាន​លក្ខណៈ​ផ្អូម​នោះ គឺ​ដោយសារតែ​អ្នក​ផលិត​នំ ប្រើ​សារធាតុ​ផ្សំ​ដូចជា​សាច់ និង ប័​រ​ជាដើម ទុក​រយៈពេល​យូរថ្ងៃ​អាច​ដុះ​ផ្សិត ហើយ​យកមក​ផលិត​នំ បណ្ដាល​ឲ្យ​នំ​នោះ​កើតមាន​មេរោគ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​បរិភោគ កើតមាន​អាកា​រៈ​ឈឺពោះ ក្អួត​ច​ង្អុ​រ និង រាគរូស​ជាដើម ប៉ុន្តែ​មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​នោះទេ ដោយ​គ្រាន់តែ​ប្រើ​ថ្នាំ​បំបាត់​ក្អួត​ច​ង្អុ​រ និង រាគរូស​ទៅ អ្នកជំងឺ​នឹង​បាន​ធូរស្បើយ​វិញ​ដែរ ។

​លោក ក្រុស សារ៉ាត់ មានប្រសាសន៍​បន្ថែមទៀត​ថា មូលហេតុ​ដែល​លោក​អះអាងថា អ្នកពុល​នំ​បុ័ង ជា​ករណី​នំ​ដែល​គ្មាន​អនាម័យ ឬក៏​នំ​មាន​លក្ខណៈ​ផ្អូម​នោះ គឺ​ដោយសារ​ក្រោយ​បរិភោគ​រយៈពេល​៤​ទៅ​៥​ម៉ោង ទើប​អ្នក​បរិភោគ​មាន​អាកា​រៈ​ក្អួត​ច​ង្អុ​រ និង រាគរូស ប៉ុន្តែ​ប្រសិនបើ​នំ​នោះ​មាន​លាយ​សារធាតុ​គីមី​វិញ គឺ​ពេល​អ្នក​បរិភោគ​នំ​ចូលទៅក្នុង​ពោះ​ភ្លាម នឹង​កើតមាន​អាកា​រៈ​ក្អួត​ច​ង្អុ​រ និង រាគរូស​ភ្លាមៗ​ផងដែរ ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​១៤ ខែសីហា កន្លងទៅនេះ មាន​ករណី​ពុល​នំ​បុ័ង នៅ​ចំនុច​សាលាបឋមសិក្សា​កំពង់​ភ្លុក ស្ថិត​ភូមិ​គោក​ក្តុល ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង បណ្ដាល​ឲ្យ​ពុល​ក្មេងៗ​សិស្សសាលា​ចំនួន​២៩​នាក់ ក្នុងនោះ​ស្រី​២២​នាក់ ដែលមាន​អាយុ​ក្រោម​១០​ឆ្នាំ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ ដោយ​គ្រាន់តែ​ក្អួត និង​រាករូស ហើយ​បាន​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ទាំងអស់​កាលពី​ថ្ងៃទី​១៥ ខែសីហា​នេះ និង មួយ​ករណី​ទៀត​នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី នៅ​ថ្ងៃទី​១៦ ខែសីហា​នេះ បណ្ដាល​ឲ្យ​ពុល​កុមារ​ចំនួន​០៧ នាក់ ក្នុងនោះ​កុមារី​ចំនួន​០៤​នាក់ ដែលមាន​អាយុ​ក្រោម​៧​ឆ្នាំ និង​មនុស្ស​ធំ​ម្នាក់​ជា​ស្ត្រី ត្រូវបាន​ក្រុមគ្រួសារ​យកមក​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុន​រាម ហើយ​បានជា​សះស្បើយ និង​បាន​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ៕​ ដោយ​៖​កូ​ឡាប​