(ភ្នំពេញ)៖ តៃកុងរថយន្ត ដែលបើករថយន្ដដឹកឥដ្ឋបុកយុវតីសិស្សសាលាស្លាប់ម្នាក់ និងឪពុករបួស នៅថ្ងៃមើលឈ្មោះប្រឡងបាក់ឌុប ត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ខែសីហានេះ បានបញ្ជាក់ថា ជនបង្កឈ្មោះ អេង ទិត្យ ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ “បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្ដីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឲ្យស្លាប់អ្នកដ៏ទៃ”។ តុលាការសម្រេចបង្គាប់ ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ អេង ទិត្យ ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ម១ ដោយអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមច្បាប់។
សូមជម្រាបថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ បណ្ដាលឲ្យកូនស្រីស្លាប់ ឯឪពុករងរបួសស្រាល ពេលដែលជិះម៉ូតូឌុបគ្នា ទៅមើលឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ត្រូវរថយន្តដឹកឥដ្ឋនោះ បុកពីក្រោយក្នុងពេលកំពុងឈប់រង់ចាំភ្លើងស្តុប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរដ៏គួរឲ្យសង្វែកមួយនេះបង្កឡើង ដោយរថយន្តដឹកឥដ្ឋ១គ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ខៀវ បើកបរដោយបុរសម្នាក់ឈ្មោះ អេង ទិត្យ អាយុ២២ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃស្បូវ ឃុំនរាយ ស្រុកឈូក ខេត្តកំពត ត្រូវបានឃាត់ខ្លួនចាត់ការតាមនីតិវិធី។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា បើតាមបុរសរងគ្រោះជាឪពុកឈ្មោះ អ៊ុយ ឌីស៊ុន អាយុ៦០ឆ្នាំ ជាអាជីវករ រងរបួសស្រាល ដោយឡែក កូនស្រីរបស់គាត់ស្លាប់ឈ្មោះ អ៊ុយ លីលី អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ សិរីមង្គល រការកោង មានលំនៅភូមិ រការកោង១ ឃុំរការកោង ស្រុកមុខកំពូល ខេត្ដកណ្ដាល៕ ដោយ៖បញ្ញាស័ក្តិ