ខេត្តស្វាយរៀងៈ ក្នុងគោលបំណងក៏ដូចជាគោលដៅដើម្បីលុបបំបាត់ជំងឺមហារីកមាត់ស្បូន ដែលកើតមានចំពោះស្ត្រីក្រសួងសុខាភិបាល បានបង្កើតនូវកម្មវិធីចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន នៅតាមបណ្តាគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនកម្រិតថ្នាក់បឋមសិក្សា ដែលមានសិស្សជាស្ត្រីអាយុក្រោម១៣ឆ្នាំ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ចំពោះការចុះចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន នៅតាមបណ្តាគ្រឹះស្ថានអប់រំទាំងរដ្ឋ និងឯកជនកម្រិតថ្នាក់ បឋមសិក្សាដែលមានសិស្ស ជាស្ត្រីអាយុក្រោម១៣ឆ្នាំនាពេលនេះ គឺជាគោលការណ៍របស់ក្រសួងសុខាភិបាល ហើយចំពោះថ្នាំ វ៉ាក់សាក់នេះវាមិនបានប៉ះពាល់ដល់សុខភាពរបស់សិស្សនោះដែរ។
លោកប្រធានមន្ទីរបានបន្តទៀតថា នេះជាលើកទី៣ហើយ ដែលក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាព បន្តចុះទៅតាមសាលារៀន ក៏ដូចជានៅតាមគ្រឹះស្ថានអប់រំនានា ទាំងរដ្ឋនិងឯកជនកម្រិតថ្នាក់ បឋមសិក្សា ដើម្បីចាក់ថ្នាំបង្ការឱ្យសិស្សានុសិស្ស ដែលគ្រប់អាយុត្រូវទទួលបានការចាក់ថ្នាំបង្ការ ដោយមិនគិតថ្លៃអ្វីទាំងអស់ ដើម្បីលុបបំបាត់ជំងឺមហារីកមាត់ស្បូន ដែលតែងកើតមានចំពោះស្ត្រី នៅពេលមានគ្រួសារនាពេលខាងមុខ។
អ្នកគ្រូពេទ្យ ប៊ិន សាវ៉េត ដែលជាគិលានុបដ្ឋាកយិកាមធ្យម បានឱ្យដឹងផងដែរថា ចំពោះថ្នាំវ៉ាក់សាំងដែលត្រូវចាក់បង្ការ ឱ្យសិស្សានុសិស្សនាពេលនេះ គឺសិស្សកើតក្នុងឆ្នាំ២០០៩ ហើយចាក់បានតែចំពោះស្ត្រី ដែលនៅលីវមិនទាន់មានគ្រួសារតែប៉ុណ្ណោះ ដោយឡែករហូតមកដល់ពេលនេះ គឺនៅក្នុងសង្កាត់ស្វាយរៀង មានសិស្សស្ត្រីចំនួនជាង២០០នាក់ហើយ ដែលបានចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូនវគ្គ២ ដែលជាវគ្គរំលឹកផងដែរ៕ដោយ៖ វ៉ៃកូ