ខេត្តព្រះសីហនុ៖ បុរសជាកម្មករសំណង់ម្នាក់ បានធ្លាក់ពីលើអគារកំពុងសាងសង់មួយកន្លែង របស់ក្រុមហ៊ុនចិនមានទីតាំងនៅជិតហាងអប្សរាថតរូប ស្ថិតក្នុងសង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ហើយបានទើរនៅលើជាន់ទីមួយជាប់បង្គោលភ្លើង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៩ព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ប៉ុន្តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរងរបួស។
ករណីនេះសមត្ថកិច្ចមូលដ្ឋានថ្លែងថា ទំនងជាជនរងគ្រោះមិនមានពាក់ខ្សែក្រវ៉ាត់ការពារពេលឡើងធ្វើការងារ លើការដ្ឋានសំណង់ ទើបបណ្តាលឲ្យរងគ្រោះថ្នាក់បែបនេះ។
ទាក់ទិនបញ្ហានេះ អាជ្ញាធរស្ថាប័នពាក់ព័ន្ធ បានអំពាវនាវដល់ក្រុមហ៊ុនសំណង់ និងអ្នកមើលការខុសត្រូវលើកម្មករសំណង់ ត្រូវអនុវត្តន៍ឲ្យបាននូវផ្នែកបច្ចេកទេស សុវត្ថិភាពដល់កម្មករ ពិសេសអ្នកដែលកំពុងសាងសង់តាមអគារខ្ពស់ៗមួយចំនួននាក្រុងព្រះសីហនុ៕ ដោយ៖ ដែន សីមា