បាត់ដំបង៖ ជិះម៉ូតូលឿនប្រយ័ត្នជ្រុលចង្កូតបុកគ្នាពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។
លោកវរសេនីយ៍ត្រី ហម ភ័ណ្ឌ មន្ត្រីនគរបាលចរាចរណ៍ស្រុកសង្កែ បានប្រាប់ឲ្យដឹងថា ជនរងគ្រោះស្លាប់ជាអ្នកបើកបរមាន ឈ្មោះឈៀង អេនឌីភេទប្រុស អាយុ១៧ឆ្នាំមុខរបរធ្វើស្រែ ចំណែកអ្នករួមដំណើរចំនួន២នាក់ទៀតឈ្មោះជួប យេន ភេទប្រុស អាយុ១៧ឆ្នាំរបួសធ្ងន់ និងឈ្មោះសី វ៉ាន់នេត ភេទប្រុសអាយុ១៨ឆ្នាំ ធ្វើស្រែ។ អ្នកទាំង៣នាក់ រស់នៅភូមិស្វាយជាតិ ឃុំរាំងកេសី ស្រុកសង្កែជាមួយគ្នា បើកបរម៉ូតូហុងដាឌ្រីមC១២៥ ពណ៌ខ្មៅ សេរី២០០០ ពាក់ផ្លាកលេខបាត់ដំបង១D-៥៦៧៥ ។
រីឯភាគីម្ខាងទៀតមានគ្នាចំនួន២នាក់ រងរបួសធ្ងន់មានឈ្មោះផល្លា ខ្លុយ ភេទប្រុស អាយុ២១ឆ្នាំមុខរបរធ្វើស្រែ និងអ្នករួមដំណើរជាមួយឈ្មោះភ័ក្ត្រ ផន ភេទប្រុស អាយុ២១ឆ្នាំ ធ្វើស្រែ អ្នកទាំង២នាក់មានទីលំនៅក្នុងភូមិក្បាលថ្នល់ ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង បើកបរម៉ូតូម៉ាកហុងដាC១២៥ ពណ៌ខ្មៅ សេរី២០០៨ ពាក់ផ្លាកលេខបាត់ដំបង ១D ៦២៤៦ ក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិច។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៦និង៥០នាទី ថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩ លើកំណាត់ផ្លូវកៅស៊ូជនបទ ស្ថិតក្នុងក្រុមទី៣ ភូមិបឹងវេង ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្រោយធ្វើកំណត់ហេតុជនរងគ្រោះស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ រីឯជនរងគ្រោះរបួសធ្ងន់៤នាក់ផ្សេងទៀត ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕ដោយ៖កូឡាប