បាត់ដំបង ៖ ព្រះសង្ឃមួយអង្គគង់ក្នុងវត្តស្វាយបុប្ផារាមបានសុគតនៅនឹងកន្លែងដោយឆក់ចរន្តអគ្គិសនី ខណៈដកឌុយម៉ូទ័របូមទឹកក្នុងស្រះ។
ករណីគ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅចំណុចវត្តស្វាយបុប្ផារាម ក្នុងក្រុមទី១ ភូមិអំពិលឈូង ឃុំឫស្សីក្រាំង ស្រុកឬស្សី ខេត្តបាត់ដំបង។
ព្រះសង្ឃរងគ្រោះសុគតមានព្រះនាម ធី សុខន ព្រះជន្ម១៧ព្រះវស្សា បច្ចុប្បន្នគង់ក្នុងវត្តស្វាយបុប្ផារាម ភូមិ ឃុំកន្លែងកើតហេតុខាងលើ។
តាមបញ្ជាក់ពីព្រះសង្ឃព្រះមាន ពេជ ចិន្តា ព្រះជន្ម២៧វស្សាបានឲ្យដឹងថា ក្រោយពីការបូមទឹកស្រះដាក់ពាងនិងអាងរួចរាល់ព្រះសង្ឃ ធី សុខន បានដើរទៅមាត់ស្រះដើម្បីដកឌុយចេញ ទំនងខុសបច្ចេកទេសក៏ឆក់ប្រកាច់សុគតភ្លាមៗនៅកន្លែងកើតហេតុ មួយសន្ទុះក្រោយមកទើបបានដឹងហើយបង្កការភ្ញាក់ផ្អើលពេញវត្តតែម្តង៕ ដោយ៖កូឡាប