Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ស្នើ​ភាគី​ចិន វិនិយោគ​លើ​ដំណាំ​ដំឡូង​មី និង​មៀន​ប៉ៃលិន ដើម្បី​ជំរុញ​ការនាំចេញ​

spot_img

​ភ្នំពេញ​៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​ស្នើ​ភាគី​ចិន​ធ្វើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃបន្ថែម សម្រាប់​ដំណាំ​ដំឡូង​មី និង​មៀន​ប៉ៃលិន ដើម្បី​ពង្រីក​ការនាំ​ចេញ​ផលិតផល​ទាំងពីរ​នេះ​ឲ្យបាន​អតិបរិមា​។ លោក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ​នៅក្នុង​ជំនួប​ជាមួយ​ប្រតិភូ​កសិកម្ម​ចិន ដឹកនាំ​ដោយ​លោក ហ៊ឺ ជៀន​យ៉ាង (HE Jianxiang) អគ្គនាយករង ទទួលបន្ទុក​ការិយាល័យ​កែច្នៃ​ផលិតផល​កសិកម្ម នៃ​ក្រសួង​កសិកម្ម​ប្រទេស​ចិន កាលពី​រសៀល​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​។

​លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ប្រតិភូ​ចិន អំពី​អត្ថប្រយោជន៍​នៃ​ដំឡូង​មី ដែល​ជា​ដំណាំ​អទិភាព​ទី​២ និង​មាន​សក្តានុពល​នាំចេញ​ខ្ពស់​របស់​កម្ពុជា បន្ទាប់​ពី​ដំណាំ​ស្រូវ ព្រមទាំង​ផ្លែ​មៀន​ប៉ៃលិន ដែល​ជា​ឈើ​ហូប​ផ្លែ​មាន​តម្រូវការ​ខ្ពស់​នៅ​លើ​ទីផ្សារ​។​លោក​បាន​គូសបញ្ជាក់ថា កម្ពុជា​កំពុង​ចងក្រង​គោលនយោបាយ​ដំឡូង​មី និង​ដំណាំ​ផ្សេងៗ​រួម​ទាំង​មៀន​ប៉ៃលិន ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ និង​ការនាំចេញ សំដៅ​ធ្វើ​ពិពិធ​កម្មវិស័យ​ការងារ​ជូន​ប្រជាជន និង​កាត់បន្ថយ​ភាពក្រីក្រ​។​

“​កម្ពុជា​មាន​ដី​អំណោយផល​សម្រាប់​វិស័យ​កសិកម្ម ជាពិសេស​ដំឡូង​មី និង​មៀន​ប៉ៃលិន ហើយ​យើង​ចង់​សហការ​ជាមួយ​វិនិយោគិន​ចិន ដើម្បី​កែច្នៃ​ផលិតផល​ទាំងពីរ​នេះ សំដៅ​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន​ផ្ទាល់ ដោយ​ពុំ​ចាំបាច់​ឆ្លងកាត់​ប្រទេស​ទី​បី ដូច​បច្ចុប្បន្ន​” លោក ប៉ាន សូរ​ស័ក្តិ បាន​គូសបញ្ជាក់​។​

​ជា​ការឆ្លើយតប លោក ហ៊ឺ ជៀន​យ៉ាង បាន​ថ្លែងអំណរគុណ​ចំពោះ លោក​រដ្ឋមន្ត្រី​ដែល​បាន​ផ្តល់​ព័ត៌មាន​អំពី​ដំណាំ​សក្តានុពល​របស់​កម្ពុជា ហើយ​លោក​បាន​សន្យា​នឹង​យក​សំណើ​នេះ ទៅ​ពិភាក្សា​ឲ្យបាន​ស៊ីជម្រៅ និង​សិក្សា​បន្ថែម អំពី​លទ្ធភាព​សហការ​វិនិយោគ​លើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ​នៃ​ផលិតផល​ទាំងពីរ និង​ដំណាំ​សក្តានុពល​ផ្សេងៗ​ទៀត​របស់​កម្ពុជា ដូចជា ពោត ស្រូវ និង​ស្វាយ​ជាដើម​។​

​ទន្ទឹម​គ្នា​នេះ​ដែរ លោក ហ៊ឺ ជៀន​យ៉ាង ក៏​បាន​ជូន​អនុសាសន៍​ដល់ លោក​រដ្ឋមន្ត្រី លើក​យក​សំណើ​នេះ ទៅ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​កសិកម្ម​ចិន ដែល​នឹង​អញ្ជើញ​អមដំណើរ លោក លី គឺ​ឈាំ​ង (Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា នា​ដើម​សប្តាហ៍​ក្រោយ​។​

​សូមបញ្ជាក់​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​រវាង​ចិន និង​កម្ពុជា បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ជា​មធ្យម ២៦% ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ​។ កាលពី​ឆ្នាំ ២០១៦ ប្រទេស​ទាំង​ពីរ សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម ដល់​ទៅ ៤៨០០​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា​មាន​ទឹកប្រាក់ ៨៣០​លាន​ដុល្លារ និង​នាំចូល ៣៩០០​លាន​ដុល្លារ​។ ចិន គឺជា​ប្រទេស​វិនិយោគ​ធំជាងគេ​នៅ​កម្ពុជា ដែល​គិត​ត្រឹម​ឆ្នាំ ២០១៦ វិនិយោគ​របស់​ចិន​មាន​ចំនួន ៥០០០១០០​លាន​ដុល្លារ លើ​វិស័យ​មួយចំនួន​ដូចជា កម្មន្តសាល សំណង់ វាយ​ន​ភ័ណ និង​អគ្គិសនី​។ ដោយឡែក​ភ្ញៀវ​ទេសចរណ៍​ចិន ដែល​មក​កម្ពុជា​បាន​កើន​ដល់ ៨៣​ម៉ឺន​នាក់​នៅក្នុង​ឆ្នាំ ២០១៦ គឺ​បាន​កើនឡើង ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៥​។ នៅក្នុង​ឆ្នាំ​២០១៨​នេះ ចិន​ក៏​បាន​យល់ព្រម​ឲ្យ​កម្ពុជា​នាំ​ចូល​អង្ករ ៣០​ម៉ឺន​តោន​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×