ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គឺប្តេជ្ញាបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងលំហនយោបាយ តាមរយៈសេចក្តីថ្លែងការណ៍ដែលបានចុះផ្សាយកាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅ ដើម្បីភាពរីកចម្រើន និងឈានទៅជាប្រទេស ដែលមានការអភិវឌ្ឍនៅលើសកលលោក។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកា ស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួង អង្គការ ស្ថានប័ន និងមន្រ្តីពាក់ព័ន្ធនានា នាទីស្តីការក្រសួងមហាផ្ទៃ។
វេទិកានេះ ធ្វើឡើងដើម្បីពិភាក្សាលើសេចក្តីពិគ្រោះយោបល់ ស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល និងមានតំណាងក្រសួង អង្គការ ស្ថាប័ន ដែលមានភារកិច្ចទទួលខុសត្រូវ ឡើងធ្វើបទបង្ហាញពី តួនាទីភារកិច្ច បញ្ហាប្រឈមផ្សេងៗ និងវឌ្ឍនភាពការងាររបស់ខ្លួន ដើម្បីស្វែងរកធាតុចូលនានា ដើម្បីដោះស្រាយ និងសំណូមពរផងដែរ។ ហើយវេទិកានេះ ក៏បានអនុញ្ញាតឲ្យអង្គវេទិកាទាំងមូល ចោទជាសំណួរ ចម្លើយ រវាងអង្គការសង្គមស៊ីវិល និងតំណាងរាជរដ្ឋាភិបាល ដើម្បីពង្រឹងភាពជាដៃគូល្អ និងដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់រួមគ្នា។
សម្តេចក្រឡាហោមបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងអនុវត្តន៍ផ្តោតលើចំណុចសំខាន់ៗចំនួន ៥រួមមាន៖ ១.ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋបន្ថែមទៀត ជាពិសេសអនុញ្ញាតឱ្យបុគ្គលដែលជាប់បម្រាមធ្វើសកម្មភាពនយោបាយ អាចចាប់ផ្តើមធ្វើសកម្មភាពនយោបាយវិញបាន, ២.ការលើកកម្ពស់ភាពជាដៃគូពិតប្រាកដជាមួយអង្គការសង្គមស៊ីវិល, ៣.វិធានការដោះស្រាយពាក់ព័ន្ធសិទ្ធិការងារ និងសហជីព, ៤.ការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាន, ៥.បន្តដោះស្រាយជម្លោះដីធ្លីដែលនៅសេសសល់ប្រកបដោយតម្លាភាព និងគណនេយ្យភាព ព្រមទាំងជំរុញ និងពន្លឿនការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស។ សម្តេចក្រឡាហោមបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយបានធ្វើការពង្រឹងពង្រីកនូវវិសាលភាព សម្រិតសម្រាំងបន្ថែម និងធ្វើអាទិភាវូបនីយកម្មមុំនីមួយៗ នៃចតុកោណទាំង៤ ព្រមទាំងកែលម្អបៀបវារៈគោលនយោបាយ និងយន្តការ អនុវត្តន៍មួយចំនួនឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីកសាងមូលដ្ឋានគ្រឹះចាំបាច់ទាំងឡាយក្នុងចក្ខុវិស័យដោយប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ព្រមទាំងនាំប្រទេសជាតិយើងឆ្ពោះទៅកាន់ឋានៈជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។
សម្តេចក្រឡហោមបានគូសបញ្ជាក់បន្តថា ឈរលើមូលដ្ឋាននេះដែរ រាជរដ្ឋាភិបាលក៏នៅតែបន្តកិច្ចសន្ទនា សំដៅប្រមូលនូវគំនិតព្រមទាំងធនធានមនុស្សពីគ្រប់ប្រភព ដោយគ្មានការរើសអើង ឬបែងចែកបក្ខពួក និន្នាការនយោបាយ តាមរយៈ “ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់” និងការរៀបចំឱ្យមានការពិគ្រោះយោបល់ក្នុងដំណើរការតាក់តែងក្របខ័ណ្ឌគោលនយោបាយ និងច្បាប់នានា ដោយអនុញ្ញាតឱ្យមានការចូលរួមពីតំណាងគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងផ្នែកឯកជនដែលមានការពាក់ព័ន្ធ ព្រមទាំងបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណបក្សនយោបាយ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដើម្បីផ្សព្វផ្សាយ និងស្វែងយល់ពីការអនុវត្តច្បាប់ស្តីពីគណបក្សនយោបាយ៕ដោយ៖កូឡាប