ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋ រស់នៅខេត្តព្រះសីហនុ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងកំពុងបន្តជនលិចមូលដ្ឋានមួយចំនួននាតំបន់ទំនាប នាខេត្តព្រះសីហនុជាថ្មីទៀត នៅចុងខែសីហា ឆ្នាំ២០១៩នេះ។
មន្ត្រីមូលដ្ឋានឲ្យដឹងថា មានផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៣ (វាលរេញ ខេតកំពត) ច្រកចូលទៅភូមិព្រែកក្រាញ់ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រង់ចំណុចកំពង់ផ្កា ត្រូវទឹកហូរកាត់ពីលើផ្លូវ មានកម្ពស់ប្រមាណជាងកន្លះម៉ែត្រ ក្រោយមានភ្លៀងធ្លាក់ខ្លាំង កាលពីល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។
មន្ត្រីមូលដ្ឋានបន្តថា ជំនន់ទឹកភ្លៀងជន់លិចផ្លូវខាងលើនេះ ចំពោះការធ្វើចរាចរណ៍ គឺឆ្លងកាត់បានតែអ្នកថ្មើរជើងតែប៉ុណ្ណោះ។ រីឯរថយន្ត ផ្សេងៗ ជាពិសេសរថយន្តដឹកកម្មករកម្មការិនីរោងចក្រ ដែលត្រូវឆ្លងកាត់ចេញចូល តាមផ្លូវលំដីក្រហមមួយខ្សែនេះ គឺមិនអាចឆ្លងកាត់បានទៀតទេ គិតត្រឹមព្រលប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩។
ចំណែកកម្មករកម្មការិនី ត្រូវធ្វើដំណើរចុះលុយទឹក ដើរឆ្លងទៅផ្ទះ ដោយដើរឆ្លងទឹកលិចផ្លូវនេះចម្ងាយប្រមាណជាង ១០០ម៉ែត្រ។
ចំពោះស្ថានភាពជំនន់ទឹកភ្លៀងនេះ គេសង្កេតឃើញ កម្លាំងអាជ្ញាធរស្ថាប័នពាក់ព័ន្ធ និងមន្ត្រីក្រុមការងារចុះជួយឃុំសាមគ្គី និងកម្លាំងយោធា ដែលប្រចាំការនៅក្បែរទីតាំងលិចទឹកនោះ បានដាក់កម្លាំងប្រចាំការតាមដាននៅតំបន់នោះ និងណែនាំឲ្យអ្នកដើរឆ្លងបង្កើនការប្រុងប្រយ័ត្ន ជាពិសេសកុមារតូចៗ និងមនុស្សចាស់ជរា ជាដើម ដើម្បីបង្ការទប់ស្កាត់ហានិភ័យ ឬអាចមានគ្រោះថ្នាក់ផ្សេងៗកើតឡើង។ ហើយក្នុងករណីចាំបាច់ ត្រូវហៅកម្លាំងអាជ្ញាធរ ដែលប្រចាំការនៅតំបន់នោះ ឲ្យជួយចម្លង៕ ដោយ៖ ដែន សីមា