កណ្ដាល៖បុរសម្នាក់បានស្លាប់ភ្លាមៗមួយរំពេច ដោយគ្រោះថ្នាក់ចរាចរឡានបើកកិនចំក្បាលបែក។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរបណ្ដាលឲ្យបុរសម្នាក់ស្លាប់នោះ បានកើតឡើងនាថ្ងៃ៣១ ខែសីហា ឆ្នាំ២០១៩នេះ វេលាម៉ោង១១:២៥នាទីនៅចំណុចលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២៨-២៩ ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកអធិការបន្តទៀតថា នៅថ្ងៃខែឆ្នាំ ពេលវេលាម៉ោងកើតហេតុខាងលើ នោះមានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1BS-5349 បើកបរដោយឈ្មោះធឿង វ៉ាត ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ពេលបើកមកដល់កន្លែងកើតហេតុខាងលើនោះ បានដួលបោកទៅលើថ្នល់ ហើយអ្នកបើកម៉ូតូបានខ្ទាតបោកមកខាងឆ្វេងដៃ ហើយស្របពេលនោះមានរថយន្តមិនស្គាល់អត្តសញ្ញាណ មួយគ្រឿងបើកមកពីក្រោយ ក្នុងទិសដៅស្របគ្នា បានកិនចំក្បាលអ្នកបើកម៉ូតូនោះបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ តែម្ដង។ ម៉ូតូកកិតបន្តិបបន្តួចយកមករក្សាទុកជាភស្តុតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
សន្និដ្ឋាន ៖ ករណីខាងលើ ជាករណីគ្រោះថ្នាក់ចរាចរដោយអ្នកបើកបរម៉ូតូធ្វេសប្រហែសខ្ជីខ្ជា មិនប្រុងប្រយ័ត្ន មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ ៕ដោយ៖បញ្ញាស័ក្តិ