ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពីតិចទៅច្រើននៅតាមបណ្តាញខេត្តមួយចំនួន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ កញ្ញា ដោយសាររងសម្ពាធទាបពីប្រទេសឡាវ ថៃ និងវៀតណាម ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកចេញផ្សាយនៅថ្ងៃទី២ កញ្ញានេះបានឲ្យដឹងថា បន្ទាប់ពីការតាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ និងស្តែងឡើងដោយការវិវឌ្ឍយ៉ាងឆាប់រហ័សក្នុងតំបន់ បង្ហាញឲ្យឃើញថា ៖ កម្ពុជាបាននិងកំពុងទទួលរងនូវជ្រលងនៃប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម ។
ការកកើតឡើងនូវវិសម្ពាធ (TD) រហូតដល់ទៅ ២ នៅក្នុងសមុទ្រចិនខាងត្បូង ដែលអាចបំប្លែងខ្លួនទៅជាព្យុះនាពេលដ៏ខ្លីខាងមុខ ។ ក្រសួងបានបន្តថា ស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី៣-៩ ខែកញ្ញា បណ្ដាខេត្តក្រុងនានានឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅច្រើន ក្នុងនោះមាន ៖ ១ នៅថ្ងៃទី៣-៤ ខែកញ្ញា នេះទៅបណ្តាខេត្តនៅភាគពាយ័ព្យ ខេត្តជាប់ ជួរភ្នំដងរែក និងខ្ពង់រាបឦសានដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ។
ចាប់ពីថ្ងៃទី៤-៩ ខែកញ្ញា បរិមាណភ្លៀងកាន់តែកើនឡើងក្នុងកម្រិតពីបង្កទៅច្រើន ។ បណ្តាខេត្តនៅជាប់មាត់សមុទ្រពិសេសខេត្តកោះកុង និងខេត្តព្រះសីហនុ នឹងអាចមានភ្លៀងធ្លាក់ច្រើន ។ ផ្ទៃសមុទ្រមានខ្យល់ និងរលកខ្លាំងពិសេសក្នុងថ្ងៃ៤-៧ ខែកញ្ញា ។ បណ្តាខេត្តនៅភាគខាងក្រោមនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីតិចទៅបង្គួរ ។ ជាមួយគ្នានោះដែរ ក្រសួងបានអំពាវនាវដល់សាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទឹកជំនន់ ភ្លៀង ខ្យល់ ផ្គររន្ទះ និងរលកសមុទ្រជោរបក់ខ្លាំង ៕ដោយ៖បញ្ញាស័ក្តិ