បាត់ដំបង៖ យុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើរយះពេល២ថ្ងៃសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង រុករកឃើញរថយន្តបាកុងជាប្រភេទ រថយន្តដឹកជញ្ជូនឈើ កើនដល់ចំនួន១០គ្រឿងហើយ។
យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសព្រៃឈើដែល ធ្វើឡើងជាបន្តបន្ទាប់ និងរហូតដល់វេលា ជិតថ្ងៃត្រង់ថ្ងៃនេះ កម្លាំងបង្ក្រាបចម្រុះជាមួយកម្លាំងមូលដ្ឋាន បានប្រទះឃើញរថយន្តប្រភេទ ដឹកឈើធុនធ្ងន់ខុសច្បាប់ សរុបចំនួន១០គ្រឿង ហើយខណៈប្រតិបត្តិការខាងលើ នៅតែបន្តរុករកបន្ថែមទៀត នៅក្នុងព្រៃ ។
ការងាររុករក និងបង្ក្រាបនេះអនុវត្តលើគោលដៅសង្ស័យ មួយចំនួន ដូចជានៅចំណុចក្នុងព្រៃជ្រៅជាប់ព្រំប្រទល់ ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រភូមិកញ្ជាំង ឃុំ ស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។
ប្រតិបត្តិការបង្ក្រាបចុះឆ្មក់ផ្ទាល់ខាងលើនេះ កម្លាំងជំនាញរកឃើញ តែរថយន្តដឹកប៉ុណ្ណោះ ដោយមិនបានរកឃើញឈើច្រើន ដែលជនល្មើសលាក់ទុក នៅក្នុងព្រៃនោះឡើយ ការប្រទះឃើញរថយន្តបាកុង ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី១ រហូតដល់វេលា ម៉ោង១១.៣៥នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានប្រទះឃើញ រថយន្តបាកុង១គ្រឿងទៀត សរុបទាំងអស់ចំនួន១០គ្រឿង ហើយ។
វិធានការបង្ក្រាបដ៏ម៉ឺងមាត់ដំណាក់កាលថ្មីនេះ អនុវត្តស្របតាមអនុសាសន៍ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សំដៅទប់ស្កាត់បទល្មើសព្រៃឈើ ដែលបំផ្លាញដល់ ធនធានធម្មជាតិ និងជម្រកសត្វគ្រប់ប្រភេទ ហើយស្រាវជ្រាវរកមុខ សញ្ញាបទល្មើស ដើម្បីកសាងសំណុំរឿង ផ្តន្ទាទោសតាមនីតិវិធី៕ដោយ៖កូឡាប