ខេត្តព្រះសីហនុ៖ សមត្ថកុច្ចកងរាជអាវុធហត្ថស្រុកកំពង់សិលា បានឲ្យដឹងថា គិតត្រឹមម៉ោង ៩ព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានភាពកម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ 115-116 ក្នុងភូមិសាស្ត្រ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កំពុងឡើងដល់កម្ពស់ ៥,៥០ ម៉ែត្រ ពីបាតស្ទឹង។ រីឯធាតុអាកាសកំពុងមានភ្លៀង និងខ្យល់បោកបក់ខ្លាំង។
តាមការសន្និដ្ឋាន របស់អាជ្ញាធរស្រុកកំពង់សីលា ទំនងជាទឹកអាចឡើងដល់កំរិតត្រូវប្រកាសអាសន្ន ៥,៨០ម៉ែត្រ ប្រសិនបើភ្លៀងនៅតែធ្លាក់ខ្លាំងជាបន្តបន្ទាប់ទៀតនោះ។
យ៉ាងណាក៏ដោយចុះ គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី៤ ខែកញ្ញានេះ ចរាចរណ៍ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ នៅចំណុចស្ពានស្ទឹងសំរោង នៅមានដំណើរការជាធម្មតា ទាំងរថយន្តតូច និងរថយន្តធំ៕ ដោយ៖ ដែន សីមា