ស្ទឹងត្រែង ៖ មានប្រជាពលរដ្ឋ ចំនួន ៧៨ គ្រួសារហើយ ដែលរងគ្រោះដោយសារទឹកជំនន់ទន្លេទាំង៤ របស់ខេត្តស្ទឹងត្រែង និង ជំនន់ទឹកភ្លៀង ដែលពួកបានមករស់នៅបណ្ដោះអាសន្ន នៅទីទួលសុវត្ថិភាពដែលស្រុក បម្រុងទុកនៅពេលមានទឹកជំនន់ ។
បើយោងតាមប្រសាសន៍ លោក លី មីណា អភិបាលស្រុក បុរីអូរស្វាយសែនជ័យ បានឲ្យដឹង ល្ងាច នៅថ្ងៃទី ០៤ ខែកញ្ញា បានឲ្យដឹងថា ស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ នៅស្រុកបុរីអូរស្វាយសែនជ័យ គិតត្រឹមម៉ោង០៤ និង ៣០ នាទី មានឃុំចំនួន ៣ និង១២ភូមិដែលកំពុងរងគ្រោះ ឃុំទាំង៣ រួមមាន ឃុំអូរស្វាយ ឃុំព្រះរំកិល និងឃុំ កោះស្នែង ។
នៅល្ងាចថ្ងៃដដែល លោកម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យស្ថានភាព ដែលប្រជាពលរដ្ឋ កំពុងបោះតង់ធ្វើលំនៅឋានបណ្ដោះអាសន្ននៅទីទួលសុវត្ថិភាពដែលស្រុកបុរីអូរស្វាយសែនជ័យ បានរៀបចំជូនដល់ពួកគាត់ ។
លោក ម៉ុម សារឿន បានស្នើឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពិសេស កុមារតូច កុំឲ្យលេងទឹក និងឲ្យពួកគាត់ប្រកាន់ភ្ជាប់ការ ហូរស្អាត ផឹកស្អាត និងរស់នៅស្អាត ។
ជាមួយគ្នានេះ លោក អភិបាលខេត្តបានធ្វើការណែនាំដល់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងត្រូវត្រៀមសម្ភារបរិក្ខារពេទ្យ និងបញ្ជូនមន្ត្រីសុខាភិបាលចុះនៅជាប់និងប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដើម្បីសង្គ្រោះបានទាន់ពេលវេលា នៅជម្ងឺផ្សេងៗដែលអាចកើតមានឡើង ដើម្បីជួយសម្រួលដល់ទុកលំបាកប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
ក្នុងនោះលោកអភិបាលខេត្តក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រៀមខ្លូនគ្រប់ពេលវេលា និងក្តាប់ឱ្យបានជាក់លាក់អំពីរបាយការណ៍ការខូចខាត និងប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលបានកើតឡើង៕ ដោយ៖បញ្ញាស័ក្តិ