ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងអប់រំបានជូនពរបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសល្អ គាប់ប្រសើរ។ បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ៖ ១៩ សីហា ២០១៩ អបអរសាទរ បេក្ខជនទទួលបាននិទ្ទេស A ទាំង ៤៤៣នាក់។ បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ជាប់ចំនួន ៦៨,៦២% ធៀបនឹងឆ្នាំ២០១៨ ជាប់ចំនួន ៦៧,០៧%។
ដំណើរការស្រង់បូកពិន្ទុនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១៩ សីហា ២០១៩ បានប្រព្រឹត្តិទៅដោយរលូន និងប្រសិទ្ធភាពខ្ពស់ ហើយមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងឡើយ។ គណៈកម្មការស្រង់បូកពិន្ទុទាំងអស់ គោរពតាមបទប្បញ្ញត្តិបានល្អ និងអនុវត្តតាមកម្រងភារកិច្ច ប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់។ ដំណើរការស្រង់បូកពិន្ទុបានប្រព្រឹត្តិទៅ ដោយមានកិច្ចសហការ យ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលរួមមានអង្គភាពប្រឆាំងអំពើពុករលួយ អាជ្ញាធរដែនដី និងកងកម្លាំងមានសមត្ថកិច្ច។ លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងផ្សេងៗទៀតនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។
ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង១៩ សីហា ឆ្នាំ២០១៩ មានបេក្ខជនប្រឡងជាប់ចំនួន ៧៩.០៥២នាក់ ស្មើនឹង៦៨,៦២ភាគរយ ក្នុងនោះសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់ , ជាប់និទ្ទេស B ចំនួន២៤៣០នាក់ , ជាប់និទ្ទេស C ចំនួន៥.៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤.១០០នាក់ និងនិទ្ទេស E ចំនួន៥៦.២៣២នាក់។
យោងតាមក្រសួងអប់រំ ក្នុងចំណោមបេក្ខជនទទួលបាននិទ្ទេស A ចំនួន៤៤៣នាក់ ក្នុងនោះមកពីរាជធានីភ្នំពេញចំនួន១៤១នាក់, ខេត្តសៀមរាប ៣៨នាក់, បាត់ដំបង ៣២នាក់, ខេត្តតាកែវ ២៩នាក់, ខេត្តកំពង់ចាម ២៧នាក់, ខេត្តព្រៃវែង ២៧នាក់, ខេត្តបន្ទាយមានជ័យ ២៥នាក់, ខេត្តកណ្តាល ២៣នាក់, ខេត្តកំពត ២៣នាក់, ខេត្តត្បូងឃ្មុំ ១៥នាក់, ខេត្តកំពង់ធំ១៤នាក់, ខេត្តព្រះសីហនុ ១៣នាក់, ខេត្តស្វាយរៀង ៨នាក់, ខេត្តពោធិ៍សាត់ ៧នាក់, ខេត្តកំពង់ឆ្នាំង ៦នាក់, ខេត្តកំពង់ស្ពឺ ៦នាក់, ខេត្តក្រចេះ៤នាក់, ខេត្តកោះកុងម្នាក់, ខេត្តមណ្ឌលគិរីម្នាក់ និងខេត្តឧត្តរមានជ័យម្នាក់។
ការប្រឡងបាក់ឌុប ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ មានមណ្ឌលប្រឡងគ្រប់រាជធានីខេត្តចំនួន ២០២មណ្ឌល បន្ទប់ប្រឡង៤.៧២៤បន្ទប់ និងបេក្ខជនចុះឈ្មោះក្នុងបញ្ជីសរុប ១១៧.០៤៣នាក់។ បេក្ខជនអវត្តមានចំនួន១.៨៣៥នាក់៕ដោយ៖កូឡាប