ខេត្តស្វាយរៀង៖ ក្រោមការឧបត្ថម្ភថវិកាពីមូលនិធិសប្បុរសធម៌កាទ្យេ តាមរយៈសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម បានធ្វើយុទ្ធនាការអនាម័យសម្អាតលំនៅដ្ឋាន និងបរិស្ថានសាធារណៈនៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ គម្រាងបង្កើតនិរន្តរភាព ការប្រើប្រាស់ទឹកស្អាតនិងអនុវត្តន៍អនាម័យ នៃសាខាកាកបាទក្រហម កម្ពុជាខេត្តស្វាយរៀង បានធ្វើយុទ្ធនាការអនាម័យសម្អាតលំនៅដ្ឋាន និងបរិស្ថានសាធារណៈ នៅសាលាបឋមសិក្សាចន្ទ្រា ស្ថិតឃុំចន្ទ្រា ស្រុកចន្រ្ទា ក្នុងគោលបំណងដើម្បីជំរុញឲ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹងអំពីអនាម័យ រួមគ្នាធ្វើអនាម័យលំនៅដ្ឋាន និង បរិស្ថានសាធារណៈដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់ដែលបណ្តាលមកពីការកង្វះអនាម័យ ។
ពិធីនេះបានការអញ្ចើញចូលរួមពីលោក ពៅ សារ៉េន នាយរងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រី សំ ថាវី ប្រធាន ស្តីទីគណៈកម្មាធិការអនុសាខាកាកបាទក្រកម្ពុជាស្រុកចន្រ្ទា អាជ្ញាធរមូលដ្ឋាន អ្នកស័្មគ្រចិត្តកាកបាទក្រហម ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងសិស្សានុសិស្ស សរុបចំនួន ១៩៦ នាក់ ។
លោកស្រី សំ ថាវី ប្រធានស្តីទីគណៈកម្មាធិការអនុសាខាស្រុកចន្ទ្រា មានមតិស្វាគមន៍ និងបានថ្លែងអំណរគុណដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ពិសេសកាកបាទក្រហមកម្ពុជា ដែលកន្លងមកបានជួយឧបត្ថម្ភជាស៊ីទែនជ័រស្តុកទឹក សម្ភារធ្វើបង្គន់អនាម័យ ធុងចម្រោះ ដល់ជនពិការ ស្ត្រីមេម៉ាយ កុមាកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ នៅក្នុងសហគមន៍ ។
លោក ពៅ សារ៉េន នាយករងសាខា បានពាំនាំនូវបណ្តាំផ្ញើសាសួរសុខទុក្ខពីសំណាក់លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ដែលជានិច្ចកាល តែងតែបានយកចិត្តទុកដាក់ជួយដល់ជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដែលបង្កដោយគ្រោះធម្មជាតិ ។ លោកនាយករងសាខា ក៏បានលើកឡើងនូវខ្លឹមសារសំខាន់ៗមួយចំនួន ដែលទាក់ទង ទៅនឹងការធ្វើអនាម័យលំនៅដ្ឋាន និងការសម្អាតបរិស្ថាន ដែលជាប្រភពនាំមកនូវសុខភាពល្អ នឹងសេចក្តីរុងរឿង របស់សហគមន៍ ។
លោក ពៅ សារ៉េន បានបញ្ជាក់ពីសារសំខាន់នៃការចូលរួមក្នុងយុទ្ធនាការ ធ្វើអនាម័យសម្អាតលំនៅដ្ឋាន និងបរិស្ថាននៅទីនេះបានស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាជាសកម្មភាពអប់រំ បំផុសស្មារតីរបស់ប្រជាជនទូទៅ ឲ្យបានយល់ដឹងពីសារសំខាន់នៃការធ្វើអនាម័យសម្អាតលំនៅដ្ឋាន និងបរិស្ថានសាធារណៈ ដែលជាប្រភពនាំមកនូវសុខភាពល្អ ។
បន្ទាប់ពីពិធីសំណេះសំណាល សមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានដង្ហែងក្បួននិង ស្រែកជ័យឃោសស្តីពីបញ្ហាសុខភាពអនាម័យ នឹងបានរួមគ្នាសម្អាតបរិស្ថាន នៅទីធ្លាសាលាបឋមសិក្សាចន្ទ្រា ៕ ដោយ៖ វ៉ៃកូ